ឃួន ឡាបូរ៉ាវី សូមទោសអ្នកគាំទ្រព្រះខ័នរាជស្វាយរៀងចំពោះការអបអរគ្រាប់បាល់ ពេលទាត់ចូលក្លឹបចាស់

មាស សុផាណារ៉ុង May 23, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធជួរមុខ ឃួន ឡាបូរ៉ាវី ហាក់មានការសោកស្ដាយ ចំពោះកាយវិការអបអរសាទរ ការរកបានគ្រាប់បាល់ទី២ ដើម្បីជួយបឹងកេត តាមស្មើក្រុមចាស់របស់ខ្លួន គឺព្រះខ័នរាជស្វាយរៀង ២ទល់២ កាលពីចុងសប្ដាហ៍កន្លងទៅ។

ក្នុងន័យថា គេបានធ្វើការសូមទោស ទៅកាន់អ្នកគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង ហើយព្រមទាំងនិយាយទៀតថា បើគ្មានស្វាយរៀង ក៏គ្មានខ្លួនដែរ។ អតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបបឹងកេតថា៖ «ខ្ញុំសប្បាយចិត្ត ដែលរកគ្រាប់តាមស្មើឱ្យក្រុម តែក៏ចង់សូមទោសដល់អ្នកគាំទ្រស្វាយរៀង ចំពោះការអបអរផងដែរ ដោយសារសប្បាយចិត្តពេក ហើយក៏អរគុណដល់ស្វាយរៀង ព្រោះបើមិនមានស្វាយរៀងក៏ អត់អាចបង្កើត ឃួន ឡាបូរ៉ាវី បានដែរ»។

នេះគឺជាការលើកឡើងនេះ ក្រោយបឹងកេត និងព្រះខ័នរាជស្វាយ បានចែកគ្នា ១ពិន្ទុម្នាក់ ក្នុងជំនួបសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា កាលពីថ្មីៗ។

គួរបញ្ជាក់ថា ឃួន ឡាបូរ៉ាវី បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូង ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣ បន្ទាប់មកទើបគេ បានផ្ទេរមកកាន់ក្លឹបបឹងកេតអែហ្វស៊ី ហើយបានរួមរស់ជាមួយក្លឹបមានប្រភពពីខេត្តកំពង់ចាមនេះ រហូតមកទល់បច្ចុប្បន្ន ទោះធ្លាប់ត្រូវបានក្លឹប Surat Thani របស់ថៃខ្ចីជើងមួយរយៈក៏ដោយ៕

 

រូបភាព៖ ក្លឹបបាល់ទាត់បឹងកេត / Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់