រឿងរ៉ាវ៤ គួរឲ្យចាប់អារម្មណ៍ក្នុងលីគ ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៨

មាស សុផាណារ៉ុង May 20, 2019


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បាននឹងកំពុងទទួលភាពទាក់ទាញច្រើនឡើងៗពីមហាជន ជាក់ស្ដែងក្រោយចប់ការប្រកួតសន្សំពិន្ទុ កាលពីចុងសប្ដាហ៍កន្លងទៅ គេឃើញមានរឿងរ៉ាវចំនួន៤ ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍បន្ថែមទៀត តាមរយៈលទ្ធផល ៣ប្រកួត ក្នុងចំណោម ៧ប្រកួត ក្នុងសប្ដាហ៍ទី៨។

ទី១៖ អង្គរថាយហ្គឺរ បានស្គាល់ចាញ់លើកដំបូងដោយត្រូវ ណាហ្គាវើលដ៍ បំបាក់ក្នុងលទ្ធផល ៤-០។ នេះគឺជាលទ្ធផលស្ទើរមិនគួរឲ្យជឿ សម្រាប់អង្គរថាយហ្គឺរ ដែលធ្លាប់ស្មើបឹងកេត ស្មើព្រះខ័នរាជស្វាយរៀង និងឈ្នះក្រុមខ្លាំងវិសាខា បែរជាមកភ្លាត់របូត ៤គ្រាប់ក្រោមថ្វីជើងក្រុមទើបជ្រុះចេញពីវគ្គជម្រុះ AFC Cup មួយនេះ។

ទី២៖ ក្រុមការពារតំណែងជើងឯក ណាហ្គាវើលដ៍ បានឡើងមកឈរកំពូលតារាងជាលើកដំបូងចាប់តាំងពីលីគកំពូលចាប់ផ្ដើមតាំង កាលពីពាក់កណ្ដាលខែមីនាមក ត្បិតតំណែងកំពូលតារាងនេះត្រូវបានគ្រប់គ្រងដោយ គីរីវង់សុខសែនជ័យ ១សប្ដាហ៍ និងព្រះខ័នរាជស្វាយរៀង ដល់ទៅ៦សប្ដាហ៍។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ណាហ្គាវើលដ៍ កំពុងកាន់កំណត់ត្រាល្អជាងគេក្នុងលីគ ដោយកំពុងក្លាយជាក្រុមដែលឈ្នះ ៦ប្រកួតជាប់ៗគ្នា ច្រើនជាងគេតែមួយគត់គិតត្រឹមសប្ដាហ៍ទី៨នេះ។

ទី៣៖ ក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ គិតត្រឹមសប្ដាហ៍ទី៨ ក្រោយប្រកួតស្មើក្រុមបឹងកេត ២-២។ នេះគឺជាលទ្ធផលដ៏ជក់ចិត្ត ដែលក្រុមទាំងពីរ ធ្វើឲ្យកក្រើកកីឡដ្ឋានខេត្តស្វាយរៀងយប់មិញ។

ប៉ុន្ដែទោះអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់ពិតមែន តែព្រះខ័នរាជស្វាយរៀង មិនអាចរក្សាកៅអីកំពូលតារាងបានទេ ដោយធ្លាក់មកឈរលេខ២ និងមាន ២០ពិន្ទុ គ្រាដែលបឹងកេត បន្ដឈរលេខ៦ ហើយមាន ១៤ពិន្ទុ។

ទី៤៖ ក្រុមក្រសួងការពារជាតិ ចាញ់ក្រុមគិរីវង់សុខសែនជ័យ ៤-១។ អ្នកគាំទ្របានភ្ញាក់ផ្អើលចំពោះលទ្ធផល ២ប្រកួតចុងក្រោយរបស់ក្រសួងការពារជាតិ ដោយកាលពីសប្ដាហ៍ទី៧ ស្ទើរតែរបូត ៣ពិន្ទុក្រោមថ្វីជើងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ តែដល់សប្ដាហ៍ទី៨ បែរជាចាញ់ធ្ងន់ករ ក្រោមថ្វីជើងក្រុមគិរីវង់ ដូច្នេះ។

ការបរាជ័យនេះ បានធ្វើឲ្យក្រសួងការពារជាតិ កាន់តែមានគម្លាតពិន្ទុជាមួយក្រុមកំពូលតារាង ដោយពួកគេបន្ដឈរលេខ៥ និងមាន ១៤ពិន្ទុ គ្រាដែលគិរីវង់ បានហក់មកឈរលេខ៨ និងមាន ៩ពិន្ទុ។

ដោយលទ្ធផលប្រចាំសប្ដាហ៍ទី៨ ចំនួន ៤គូផ្សេងទៀត រួមមានក្រុមវិសាខា ឈ្នះក្រុម U-18 បាទី ៥-១ បន្ដឈរលេខ៣ និងមាន ១៩ពិន្ទុ ។ ក្រុមភ្នំពេញក្រោន ចាញ់ក្រុមសូលទីឡូអង្គរ ១-០ ។ ក្រុមអាស៊ីអឺរ៉ុប យកឈ្នះខេត្តកំពង់ចាម ៥-០ និងក្រុមអក្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះក្រុមអគ្គិសនីកម្ពុជា ១-០៕

 

រូបភាព៖ Metfone Cambodian League / Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់