គ្រូបឹងកេត បារម្ភប្រព័ន្ធការពាររបស់ព្រះខ័នរាជស្វាយរៀង មុនប៉ះគ្នាថ្ងៃអាទិត្យនេះ

មាស សុផាណារ៉ុង May 18, 2019


 

ភ្នំពេញ៖ ក្រុមបឹងកេតអែហ្វស៊ី នឹងត្រូវធ្វើការកាន់តែធ្ងន់ ដោយត្រូវជួបក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នាថ្ងៃទី១៩ ខែឧសភាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ទន្ទឹមជាមួយគ្នា លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ក៏បានបង្ហាញនូវក្ដីបារម្ភ ចំពោះប្រព័ន្ធការពាររបស់ក្រុមម្ចាស់ផ្ទះ មុនជួបគ្នាផងដែរ។

លោក ហៅ សុជាតិ បានលើកឡើងថា៖ «ក្រុមព្រះខ័នរាជស្វាយរៀងឆ្នាំនេះ ពួកគាត់ល្អមែនទែន បើធៀបនឹងឆ្នាំមុន ពិសេសប្រព័ន្ធការពាររបស់ពួកគាត់ គឺរឹងមាំ ដោយរបូតគ្រាប់បាល់តិចមែនទែន។ អច្ចឹងយើងគិតថា នេះគឺជាផលវិបាកមួយផងដែរ សម្រាប់ខ្សែប្រយុទ្ធរបស់យើង តែយើងនឹងព្យាយាម និងរៀបចំឲ្យបានល្អក្នុងការប្រកួតនេះ។»

ក្រឡេកទៅចាប់អារម្មណ៍អ្នកគាំទ្រ ក៏ផ្ដោតលើការប្រកួតនេះជាសំខាន់ផងដែរ ព្រោះជាការប្រកួតដ៏ធំមួយប្រចាំសប្ដាហ៍ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង នៅមិនទាន់ស្គាល់ចាញ់នោះទេ។ ចំពោះប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានលត់ខេត្តកំពង់ចាម ១៣-០ រីឯបឹងកេត គឺបានចាញ់ក្រុមវិសាខា ៣-២ ដូច្នេះអ្នកគាំទ្រកំពុងចាំអ៊ុតថា តើបឹងកេត អាចបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ព្រះខ័នរាជស្វាយរៀងបានឬក៏យ៉ាងណា?

គួរដឹងថា បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ១៩ពិន្ទុ ជាមួយលទ្ធផល ៧ប្រកួតឈ្នះ៦ និងស្មើ១ មិនទាន់ស្គាល់ចាញ់ គ្រាដែលក្រុមបឹងកេត ទើបរកបាន ១៣ពិន្ទុឈរលេខ៦ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតឈ្នះ៤ ស្មើ១ និងចាញ់ ២៕

 

អត្ថបទ៖ បុត្រា

មតិយោបល់