មុនប៉ះយុវជនបាទី គ្រូវិសាខា ថា៖ «បើឡើងមកដល់លីគ គឺមិនខ្វល់ថាជាក្មេង ឬក៏ចាស់ឡើយ»

មាស សុផាណារ៉ុង May 17, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា នៅចុងសប្ដាហ៍ថ្ងៃទី១៨ ខែឧសភា ស្អែកនេះ នឹងត្រូវប្រកួតជាមួយ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ក្នុងជំនួបសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា រដូវកាល២០១៩ លើទឹកដីរបស់ខ្លួនកីឡដ្ឋាន វិសាខា។

ថ្លែងនៅមុនការប្រកួតមកដល់គ្រូបង្វឹកនៃក្លឹបបាល់ទាត់វិសាខា លោក ហុក សុជីវ័ន្ត បានលើកឡើងថា «បើឡើងមកដល់លីគ គឺមិនខ្វល់ថាជាក្មេង ឬក៏ចាស់ឡើយ» ត្បិតលោកមានការព្រួយបារម្ភចំពោះការកាត់សេចក្ដីដោយអាជ្ញាកណ្ដាល ខ្លាចមានភាពលម្អៀងលើក្រុមដែលមានកីឡាករតូចៗជាង និងជាពិសេសព្រួយបារម្ភអំពីទម្រង់លេងរបស់ក្រុមនេះ ដែលមិនអាចប្រហែសបានដូចគ្នា។

«ដូចខ្ញុំនិយាយអច្ចឹង រាល់ការប្រកួតបើយើងចូលមកដល់លីគហើយ យើងអត់ខ្វល់រឿងគាត់ក្មេង ឬក៏ចាស់ឡើយ អច្ចឹងខ្ញុំសំណូមពរតែម៉្យាងគឺ ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល សុំកុំប្រកាន់ថាគាត់តូច ពួកយើងជាកីឡាករអាជីពក្លឹបធំ បើចាប់យ៉ាងនោះពួកគាត់អត់អាចទទួលផលត្រៀមទៅលេងក្រៅប្រទេសបានទេ ព្រោះគេមាឌធំៗណាស់ អច្ចឹងចូលដល់លីគហើយមិនខ្វល់ថាគាត់អាយុ ១៨ឆ្នាំ, ១៧ឆ្នាំ ឬក៏១៦ឆ្នាំទេ ពាននេះគឺជាការប្រកួតប្រជែងមួយដ៏ខ្លាំង អច្ចឹងដូចគាត់យកបទពិសោធន៍អច្ចឹង ដូច្នេះសុំព្យាយាមធ្វើយ៉ាងម៉េចឲ្យស្មើភាព ទៅតាមបច្ចេកទេសនៃការលេងទៅបាន»។ សម្ដីទាំងស្រុងរបស់ លោក លោក ហុក សុជីវ័ន្ត។

អតីតគ្រូបង្វឹកអង្គរថាយហ្គឺរ ដដែលរូបនេះបានបន្តថា ការប្រកួតនេះច្បាស់ជាងតាន់តឹង ប្រសិនបើកីឡាករម្នាក់ៗរៀបចំខ្លួនមិនបានល្អនៅក្នុងការប្រកួត ដោយយោងទៅលើការគិតថា យុវជនបាទីជាក្រុមក្មេងខ្ចី ដែលឈានទៅដល់បណ្ដែតបណ្ដោយខ្លួនធ្វើរឿងដែលប៉ះពាល់ដល់សុខភាពមុនការប្រកួត ដូចជាការដើរលេង សម្រាក និងហូបចុកមិនគ្រប់គ្រាន់ ឬអាចឈានទៅដល់ការសេពសុរា ជាដើម ខណៈបើងាកមកខាងយុវជនបាទី វិញក្រុមរស់នៅជាលក្ខណៈប្រមូលផ្ដុំ និងការហូបចុកត្រឹមត្រូវ ដូច្នេះកម្លាំងមិនងាយស្រុតឡើយ។

សូមបញ្ជាក់ថា ការប្រកួតរវាងវិសាខា ជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ស្អែកនេះ នាវេលាម៉ោង ៦:០០ នាទីល្ងាច៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់