ជម្រើសជាតិប៉ាគីស្ថាន ចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសប៉ារ៉ែន មុនប៉ះកម្ពុជា ក្នុងវគ្គជម្រុះ World Cup

មាស សុផាណារ៉ុង May 17, 2019


 

ប៉ាគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការត្រៀមលក្ខណៈរបស់ខ្លួននៅក្នុងហ្វឹកហាត់នៅប្រទេសបារ៉ែន សម្រាប់ការប្រកួតជម្រុះជុំទី១ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( FIFA World Cup 2022 ) ទល់នឹងកម្ពុជា ដែលនឹងធ្វើឡើងនៅដើមខែក្រោយនេះ។

ប្រភពព័ត៌មានក្នុងស្រុក បាននិយាយថាគ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Jose Antonio Nogueira បានរៀបចំផែនការដ៏ល្អមួយដើម្បីត្រៀមក្នុងការប្រកួតដ៏តឹងតែងជាមួយនឹង កម្ពុជា ហើយក៏នឹងមានការប្រកួតកម្ដៅសាច់ដុំមួយចំនួនជាមួយក្លឹបនៅបារ៉ែនផងដែរ មុនពេលចេញដំណើរមកកាន់ប្រទេសកម្ពុជា។

ប្រភពដដែលបានបន្តថា កីឡាករដែលប្រកបអាជីពនៅបរទេស ក៏សុទ្ធសឹងតែត្រៀមខ្លួនបានល្អរួចផងដែរ ហើយក្រុមដ៏ល្អមួយអាចត្រូវបានរៀបចំសម្រាប់វគ្គជម្រុះនេះ។

ទោះយ៉ាងណាក៏ដោយ អ្វីៗនៅមិនច្បាស់លាស់ចំពោះការប្រកួតទល់នឹងកម្ពុជា ព្រោះថាស្ថាប័នកីឡាបាល់ទាត់ពិភពលោក ( FIFA ) នៅតែទទួលស្គាល់អតីតប្រធានសហព័ន្ធចាស់ លោក Faisal Saleh Hayat ជាប្រធានរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។ Hayat ត្រូវបានអស់តំណែង ហើយការរៀបចំសហព័ន្ធថ្មីនេះបានធ្វើឡើង ២ទៅ៣ខែមកហើយ បន្ទាប់ពីការបោះឆ្នោតដែលត្រូវបានធ្វើឡើងក្រោមការឃ្លាំមើលរបស់តុលាការកំពូល ដែលមាន លោក Syed Ashfaq Hussain Shah ជាប្រធានថ្មី។

យោងតាមសេចក្ដីរាយការណ៍ដដែល បានបញ្ជាក់ថា មន្ត្រីរបស់ ( FIFA ) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី ( AFC ) នឹងទៅកាន់ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ ដើម្បីវាយតម្លៃបញ្ហានេះ មុនពេលធ្វើការសម្រេចចិត្តពីជោគវាសនារបស់បាល់ទាត់ប៉ាគីស្ថាន។ ប៉ុន្តែអនុប្រធានសហព័ន្ធ លោក Naved Haider បាននិយាយថា FIFA នឹងត្រូវទទួលយកសេចក្តីសម្រេចរបស់តុលាការកំពូល។ «FIFA ត្រូវទទួលយកការសម្រេចចិត្តរបស់តុលាការកំពូល។ យើងនឹងមិនចុះចាញ់ឡើយ។ យើងគឺជាសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានស្របច្បាប់ (PFF)»។ លោក Naved បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុង Lahore កាលពីពេលថ្មីៗនេះ។

មូលហេតុនៃភាពតាន់តឹង គឺដោយសារអំណាចនៃការគ្រប់គ្រងមានប្រធានសហព័ន្ធដល់ទៅ២រូប ពោលគឺបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានថ្មី និងសុពលភាពនៃការបោះឆ្នោតនៅតែជាសំនួរមួយដែល FIFA បានដាក់ឡើង នៅពេលដែលការបោះឆ្នោតស្ថិតនៅក្រោមស្ថាប័នតុលាការ។

** ច្បាប់របស់ FIFA គឺមានភាពតឹងតែងក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាល ចូលទៅក្នុងកិច្ចការកីឡាបាល់ទាត់ ឬអាចនិយាយបានថា បាល់ទាត់ គឺមិនត្រូវស្ថិតនៅក្រោម នយោបាយ ឡើយ។

សូមបញ្ជាក់ថា កម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ប៉ាគីស្ថាន នៅខែក្រោយសម្រាប់វគ្គជម្រុះពានដដែលនេះ ដោយជើងទី១ ធ្វើនៅពហុកីឡដ្ឋានជាតិ របស់កម្ពុជា នាថ្ងៃទី០៦ ខែមិថុនា ហើយការប្រកួតជើងទី២ ធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ប៉ុន្តែទីកន្លែងមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ​- FootballPakistan.Com (FPDC)

អត្ថបទ៖ ណារ៉ុង

មតិយោបល់