លទ្ធផលក្លឹបបាល់ទាត់របស់កម្ពុជា ក្នុងវគ្គចែកពូល ពានរង្វាន់ ​AFC Cup ៣ឆ្នាំចុងក្រោយ

មាស សុផាណារ៉ុង May 16, 2019


 

ភ្នំពេញ៖ រយៈពេល ៣ឆ្នាំហើយ ដែលក្រុមបាល់ទាត់ពីកម្ពុជា បានចូលរួមការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup ) រួមមានបឹងកេត ២ដង និងណាហ្គាវើលដ៍ ១ដង ជាលទ្ធផលក្រុមទាំងធ្វើបានត្រឹមតែវគ្គជម្រុះក្នុងពូលដូចគ្នា។

ចាប់ផ្ដើមបានកៅអីប្រកួតក្នុងពានរង្វាន់នេះ កម្រិតទី២ប្រចាំទ្វីប ដំបូងគឺនៅឆ្នាំ២០១៧ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់ពាក្យសុំចូលរួមប្រកួត និងទទួលបានសិទ្ធិគ្រប់គ្រាន់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ខណៈឆ្នាំដំបូងនោះក្លឹបពីកម្ពុជា បានកៅអីនៅវគ្គជម្រុះជុំចុងក្រោយ ដោយបឹងកេត គឺបានក្លាយជាក្រុមដំបូងគេអាចឈានដល់វគ្គបែងចែកពូល។

បឹងកេត ឆ្នាំ២០១៧៖

បឹងកេត ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៦ ត្រូវបានសិទ្ធិប្រកួតក្នុងពានដដែលនេះ ប៉ុន្តែចាប់ផ្ដើមជាមួយវគ្គជម្រុះជុំចុងក្រោយ។ យ៉ាងណាមិញក្រុមនេះធ្វើបានល្អ ដោយបានយកឈ្នះគូប្រកួត Lao Toyota របស់ឡាវ សុបលទ្ធផលទាំង២ជើង ២ទល់១ នឹងមានឱកាសឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ឬហៅថាវគ្គជម្រុះក្នុងពូល។

នៅក្នុងវគ្គជម្រុះក្នុងពូល បឹងកេត ស្ថិតនៅក្នុងពូល F រួមជាមួយ Johor Darul Ta’zim របស់ម៉ាឡេស៊ី, Global United របស់ហ្វីលីពីន និង Magwe របស់មីយ៉ាន់ម៉ា។ ជាលទ្ធផលក្នុងពូលនេះ បឹងកេត ធ្វើបានល្អគួរសមដោយប្រកួត ៦ដង ឈ្នះ១ ស្មើ១ និងចាញ់៤ អាចឈរនៅលេខ៣ ប្រចាំពូលផងដែរ តែពុំមានឱកាសឡើងទៅជុំបន្ទាប់ឡើយ។

បឹងកេត ឆ្នាំ២០១៨៖

ជាឆ្នាំទី២ សម្រាប់កម្ពុជា ហើយក៏ជាឆ្នាំទី២ សម្រាប់បឹងកេត ក្នុងនាមជាម្ចាស់ជើឯកលីគកំពូលកម្ពុជា រដូវកាល២០១៧។ ជាថ្មីម្ដងទៀតដែល ក្រុមនេះត្រូវប្រកួតក្នុងវគ្គជម្រុះជុំចុងក្រោយដដែល ហើយប៉ះ Lao Toyota FC របស់ឡាវ និងឈ្នះជាលើកទី២ បានឡើងទៅជុំផ្ដាច់ព្រ័ត្រសារជាថ្មី។

នៅក្នុងវគ្គជម្រុះក្នុងពូល បឹងកេត ស្ថិតនៅក្នុងពូល F រួមជាមួយ Home United របស់សិង្ហបុរី, Ceres Negros របស់ហ្វីលីពីន និង Shan United របស់មីយ៉ាន់ម៉ា។ ជាលទ្ធផលក្នុងពូលនេះ បឹងកេត ធ្វើបានល្អជាងឆ្នាំដំបូង ដោយប្រកួត ៦ដង ឈ្នះ២ មិនដែលស្មើ និងចាញ់៤ អាចឈរនៅលេខ៣ ប្រចាំពូលមាន ៦ពិន្ទុ និងពុំមានឱកាសឡើងទៅជុំបន្ទាប់ដូចគ្នា។

ណាហ្គាវើលដ៍ ឆ្នាំ២០១៩៖

ជាឆ្នាំទី៣ ប៉ុន្តែជាលើកដំបូងសម្រាប់ណាហ្គាវើលដ៍ ដែលបានប្រកួតក្នុងវគ្គបែងចែកពូល និងដោយមិនបាច់ជម្រុះ ( កាលពីឆ្នាំ២០១៥ ក្រុមនេះធ្លាប់ប្រកួតជម្រុះម្ដងក្នុងវគ្គបឋម នាមជាក្រុមរងជើងឯកលីគជំនួស ភ្នំពេញក្រោន ដែលជាប់បម្រាមដោយ AFC )។

នៅក្នុងវគ្គជម្រុះក្នុងពូល ណាហ្គាវើលដ៍ ស្ថិតនៅក្នុងពូល F រួមជាមួយ Hanoi FC របស់វៀតណាម, Tempines Rover របស់សិង្ហបុរី និង Yangon United របស់មីយ៉ាន់ម៉ា។ ជាលទ្ធផលក្នុងពូលនេះ ណាហ្គាវើលដ៍ ធ្វើពុំសូវបានល្អឡើយ ដោយប្រកួត ៦ដង ឈ្នះ១ មិនដែលស្មើ និងចាញ់៥ និងមានការរបូតគ្រាប់បាល់ច្រើនគួរឲ្យកត់សម្គាល់ ថែមពុំមានឱកាសឡើងទៅជុំបន្ទាប់ដូចគ្នា។

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់