ក្រុមអាជ្ញាកណ្ដាលស្រ្តី នឹងកាត់សេចក្ដីការប្រកួតរវាង ណាហ្គាវើលដ៍ ជាមួយ Yangon United

មាស សុផាណារ៉ុង May 15, 2019


 

មីយ៉ាន់ម៉ា៖ នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ក្រុមអាជ្ញាកណ្ដាលស្រ្តី នឹងកាត់សេចក្ដីនៅក្នុងការប្រកួតបាល់ទាត់បុរស ក្នុងជំនួបបង្រ្គប់កិច្ចពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) រវាង Yangon United ជាមួយ ណាហ្គាវើលដ៍។

ការណ៍ដែលត្រូវបានក្រុមអាជ្ញាកណ្ដាលស្រ្តី កាត់សេចក្ដីនៅក្នុងការប្រកួតបាល់ទាត់បុរស នេះផងដែរ ត្រូវបានគឺចាត់ទុកថាជាប្រវត្តិសាស្ត្របាល់ទាត់ប្រចាំទ្វីបអាស៊ីដែលមានអាជ្ញាកណ្ដាលជាស្រ្តីដឹកនាំការប្រកួតក្របខណ្ឌក្លឹបបាល់ទាត់បែបនេះ។

អាជ្ញាកណ្ដាលស្ត្រីទាំង៣រូបនេះរួមមាន អាជ្ញាកណ្ដាល Yoshimi Yamashita និងជំនួយការអាជ្ញាកណ្ដាល២រូបទៀត Makoto Bozono ជាមួយ Naomi Teshirogi។ នេះត្រូវបានចាត់ទុកជាការត្រៀម ពីព្រោះអាជ្ញាកណ្ដាលទាំង ៣រូបនេះ នឹងត្រូវជាផ្នែកមួយនៃមន្ត្រីអាជ្ញាកណ្ដាលតំណាងឲ្យទ្វីបអាស៊ី ចំនួន១២រូប ដែលនឹងចូលរួមកាត់សេចក្ដី ក្នុងការប្រកួតបាល់ទាត់នារីពិភពលោក ( 2019 FIFA Women’s World Cup ) នៅខែមិថុនា។

ថ្ងៃជាមួយគ្នានេះផងដែរ ក៏មានអាជ្ញាកណ្ដាលស្ត្រី ២រូប ចូលរួមដឹកនាំការប្រកួតដូចគ្នាផងដែរ គឺអាជ្ញាកណ្ដាលសញ្ជាតិកូរ៉ នឹងធ្វើជាជំនួយការអាជ្ញាកណ្ដាលបុរស ក្នុងជំនួបរវាង Ceres Negros FC ជាមួយ Becamex Binh Duong។

សូមបញ្ជាក់ថា យ៉ាងណាមិញការប្រកួតរវាង Yangon United ជាមួយ ណាហ្គាវើលដ៍ នឹងធ្វើឡើងនៅវេលាម៉ោង ៥ល្ងាច នាកីឡដ្ឋាន Thuwunna stadium ខណៈការប្រកួតនឹងផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ ​BTV News ផងដែរ៕

 

រូបភាព៖ the-afc

អត្ថបទ៖ ណារ៉ុង

មតិយោបល់