គ្រូ Yangon លាលែងពីតំណែងមុនប៉ះ ណាហ្គាវើលដ៍ ក្នុងជំនួបបង្រ្គប់កិច្ច AFC Cup ល្ងាចនេះ

មាស សុផាណារ៉ុង May 15, 2019


 

មីយ៉ាន់ម៉ា៖ គ្រូបង្វឹកនៃក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា Yangon United រដូវកាល ​២០១៨ លោក Myo Min Tun បានសម្រេចលាលែងពីតំណែងហើយកាលពីថ្ងៃទី១៣ ខែឧសភា បន្ទាប់ពីដឹកនាំក្រុមនេះអស់រយៈពេលជាង ២ឆ្នាំមក។

ការលាលែងពីតំណែងនេះ គឺនៅមុនជំនួបជាមួយ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ក្នុងជំនួបបង្រ្គប់កិច្ចពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) ដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែឧសភា នេះលើទឹកដីរបស់ Yangon United។

មិនមានការបញ្ជាក់អំពីការលាលែងពីតំណែងនេះឡើយ ប៉ុន្តែអាចមកពីការដឹកនាំមួយរយៈចុងក្រោយនេះ ពុំសូវទទួលបានលទ្ធផលល្អ ជាពិសេសបច្ចុប្បន្ននៅលីគកំពូលមីយ៉ាន់ម៉ា ក្រុមការពារតំណែងជើងឯកមួយនេះកំពុងឈរនៅលេខ៣ បន្ទាប់ពី ២ប្រកួតចុងក្រោយមកនេះ ស្មើ១ និងចាញ់១។ ចាំបានថា កាលពីប្រកួតជាមួយ ណាហ្គាវើលដ៍ នៅជើងទី១ លើទឹកដីកម្ពុជា លោកមិនអាចដឹកនាំ Yangon United យកឈ្នះម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៨ ឡើយ ដោយលទ្ធផលពេលនោះ Yangon ចាញ់ ណាហ្គាវើលដ៍ ២ទល់១។

ដោយឡែកសម្រាប់ជំនួបរសៀលនេះ Yangon United នឹងស្ថិតនៅក្រោមការដឹកនាំបណ្ដោះអាសន្នដោយគ្រូបង្វឹក លោក U Myo Min Tun ដែលជាគ្រូបង្វឹកកាន់សញ្ញាប័ត្រកម្រិត AFC “A” License ផងដែរ។

សូមបញ្ជាក់ថា យ៉ាងណាមិញការប្រកួតរវាង Yangon United ជាមួយ ណាហ្គាវើលដ៍ នឹងធ្វើឡើងនៅវេលាម៉ោង ៥ល្ងាច នាកីឡដ្ឋាន Thuwunna stadium ខណៈការប្រកួតនឹងផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ ​BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់