ស.ប.ក កោះហៅយុវជនពីក្លឹបចំនួន៩ ធ្វើតេស្តសមត្ថភាពដើម្បីចូល ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ

មាស សុផាណារ៉ុង May 10, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានបង្ហាញការកោះហៅកីឡាករយុវជនអាយុក្រោម១៩ឆ្នាំ ចំនួន ៣០រូបពីក្លឹបចំនួន៩ ដើម្បីចូលរួមធ្វើតេស្តសមត្ថភាពត្រៀមប្រមូលចូលជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ។

ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ កាលពីឆ្នាំ២០១៨ ប្រកួតនៅឥណ្ឌូនេស៊ី

យោងតាមលិខិតដែលសហព័ន្ធបានជូនដំណឹងដល់ក្លឹប បានបញ្ជាក់ស្នើសុំយុវជនពីក្លឹបចំនួន ៩នៃលីគកំពូលកម្ពុជា រួមមានព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៍, វិសាខា, អគ្គិសនីកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ និងសាលាតម្រង់ទិសខេត្តកណ្ដាល សរុបចំនួន ៣០នាក់ ដើម្បីធ្វើតេស្តសមត្ថភាពត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019 ) ដែលធ្វើឡើងនៅប្រទេសវៀតណាម នាខែសីហា ខាងមុខ។

តាមគម្រោងការធ្វើតេស្តដំណាក់កាលបឋម នឹងធ្វើឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ នៅទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។

គួរបញ្ជាក់ថា នៅពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019 ) កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗដូចជា U-19 ថៃ , ម៉ាឡេស៊ី , វៀតណាម , សិង្ហបុរី និងអូស្ត្រាលី ដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី០៥ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម៕

ខាងក្រោមគឺជាតារាងនៃការបែងចែកពូលទាំងស្រុង៖

 

អត្ថបទពាក់ព័ន្ធ៖ ពានយុវជនអាស៊ាន៖ U-19 និង U-16 កម្ពុជា ស្ថិតនៅពូល B ទាំង២ឈុតជាមួយប្រទេសខ្លាំងៗ

 

រូបភាព៖ aseanfootball.org

អត្ថបទ៖ ណារ៉ុង

មតិយោបល់