U-19 កម្ពុជា ធ្វើម្ចាស់ផ្ទះពូល G ត្រៀមទទួលថៃ ម៉ាឡេស៊ី… ស្របពេល U-16 ស្ថិតនៅពូលជាមួយ ឡាវ

មាស សុផាណារ៉ុង May 9, 2019


 

អាស៊ី៖ កម្ពុជា ដែលនឹងទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ ( 2020 AFC U-19 Championship ) សម្រាប់កៅអីទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២០ នៅប្រទេសជប៉ុន នឹងត្រូវនៅពូល G ជាមួយក្រុមក្នុងតំបន់ចំនួន៣។

ការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានបញ្ជាក់ថាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រចាំពូល G ដោយរួមមាន ៥ប្រទេសផ្សេងទៀតរួមមាន U-19 ថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណា។

សម្រាប់ការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលា ប៉ុន្តែពុំទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយ។

សូមបញ្ជាក់ថា ២១ ប្រទេសដែលចូលរួមនេះនឹងត្រូវបែងចែកចេញជា ៥ពូល ក្នុងនោះមាន៤ពូល មាន៤ក្រុម និង១ពូលទៀតមាន ៥ក្រុម យោងទៅតាមការចាប់ឆ្នោត។ ភាគខាងលិច វិញនឹងមាន២៥ប្រទេសចូលរួមប្រកួត ដោយបែងចែកចេញ ៦ពូល ក្នុងនោះមាន៥ពូល មាន៤ក្រុម និង១ពូលទៀតមាន ៥ក្រុម។ មានតែក្រុមលេខ១ បូករួមជាមួយក្រុមលេខ២ល្អចំនួន៥ ដែលអាចកក់កៅអីទៅវគ្គបន្ដ នៃការប្រកួតជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២០ នៅប្រទេសជប៉ុន។

ដោយឡែកសម្រាប់ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំវិញ នឹងត្រូវស្ថិតនៅពូល J ជាមួយម្ចាស់ផ្ទះឡាវ ក្រុមខ្លាំងជប៉ុន និងម៉ាឡេស៊ី។

តាមគម្រោងការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ដោយក្រុមលេខ១ បូករួមជាមួយក្រុមលេខ២ល្អចំនួន៥ អាចកក់កៅអីទៅវគ្គបន្ដ នៃការប្រកួតជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២០ នៅប្រទេសសិង្ហបុរី។

 

ប្រភព៖ Asian Football Confederation

អត្ថបទ៖ ណារ៉ុង

មតិយោបល់