កីឡាការិនីភ្នំពេញក្រោន ២រូបនឹងចូលរួមវគ្គសិក្សាពីកីឡាបាល់ទាត់នៅទ្វីបអឺរ៉ុបរយៈពេល ១ខែ

នូ មករា May 9, 2019


ភ្នំពេញ៖ នៅអំឡុងខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ កីឡាការិនី ២រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺ ផាន់ បរមី និង ឈន ស្រីនី នឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋឆេកដែលស្ថិតនៅទ្វីបអឺរ៉ុបសម្រាប់រយៈពេល ១ខែដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសនានាពាក់ព័ន្ធនឹងកីឡាបាល់ទាត់ក្រោមកិច្ចសហការជាមួយនឹងអង្គការបាល់ទាត់ដើម្បីជីវិត ឬ Football for Life ដែលជាដៃគូរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយកីឡាការិនីទាំងពីរនឹងបំពេញតួនាទីជាទូតសុឆន្ទៈតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាតែម្តង។

កីឡាការិនី ឈន ស្រីនី

កីឡាការិនី ឈន ស្រីនី បានលើកឡើងថា៖ “ខ្ញុំមានអារម្មណ៍រំភើបរីករាយព្រោះវាជាឱកាសមួយដែលល្អប្រសើរសម្រាប់អនាគតរបស់ខ្ញុំ ដោយនឹងទទួលបានចំណេះដឹងពីគ្រូជំនាញៗលើការសិក្សាពីបំនិនជីវិត ការរៀបចំផែនការបង្ហាត់ ការរៀបចំការប្រកួត និងការផ្សារភ្ជាប់បាល់ទាត់នឹងសង្គមជាដើម ដោយខ្ញុំសង្ឃឹមថានឹងបានរួមចំណែកមួយសម្រាប់ចែករំលែកដល់មិត្តភក្តិផ្សេងៗទៀតក្នុងការពង្រឹងអាជីពរបស់ពួកយើង។”

កីឡការិនី ផាន់ បរមី

សូមបញ្ជាក់ថា តាមការគ្រោងទុក កីឡាការិនីទាំង ២រួមជាមួយនឹងបុគ្គលិកម្នាក់ទៀតរបស់អង្គការបាល់ទាត់ដើម្បីជីវិតនឹងចាកចេញពីប្រទេសកម្ពុជានាថ្ងៃទី៦ ខែមិថុនា ហើយត្រលប់មកវិញនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ៕

 

អត្ថបទ៖ មករា

មតិយោបល់