ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ឧបត្ថម្ភកាកបាទក្រហមកម្ពុជា ៥មុឺនដុល្លារអាម៉េរិគ

នូ មករា May 8, 2019


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា លោកឧកញ៉ា ឬទ្ធី សំណាង និងលោកជំទាវ បានចូលរួមឧបត្ថម្ភចំនួន ៥០,០០០ ដុល្លារអាម៉េរិគដល់កាកបាទក្រហមកម្ពុជានៅក្នុងឱកាសខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងឱកាសនេះដែរ ឯកឧត្តមអ្នកឧកញ៉ា កុក អាន និងលោកជំទាវ ដែលជាមាតាបិតាក្មេករបស់ លោកឧកញ៉ា ឬទ្ធី សំណាង បានចូលរួមឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជានូវថវិកាចំនួន ៥០,០០០ ដុល្លារអាម៉េរិគ ខណៈដែលលោកឧកញ៉ា ឬទ្ធី រស្មី ដែលជាប្អូនប្រុសរបស់លោកឧកញ៉ា ឬទ្ធី សំណាងក៏បានចូលរួមឧបត្ថម្ភចំនួន ៥០,០០០ ដុល្លារអាម៉េរិគផងដែរ។

គួររំលឹកថា ក្រៅពីបានចូលរួមយ៉ាងសកម្មក្នុងវិស័យបាល់ទាត់កម្ពុជា លោកឧកញ៉ា ឬទ្ធី សំណាង ព្រមទាំងក្រុមគ្រួសារតែងតែបានចូលរួមយ៉ាងផុសផុលក្នុងសកម្មភាពមនុស្សធម៌ និងអភិវឌ្ឍន៍សង្គមជាក់ស្តែងគិតមកទល់ពេលនេះ លោកឧកញ៉ា បានរួមចំណែកគៀងគរជំនួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាបានប្រមាណជាជាង​ ៣០០,០០០ ដុល្លាររួចមកហើយ បន្ថែមពីលើការកសាងធនធានកីឡាករ កីឡាការិនីបាល់ទាត់វ័យក្មេងដែលកំពុងទទួលបានការបណ្តុះបណ្តាលយ៉ាងសស្រាក់សស្រាំនោះ៕
អត្ថបទ៖ មករា

មតិយោបល់