គ្រូព្រះខ័នរាជស្វាយរៀង ទើបបង្ហើបដោយសារកំហុសខ្លួន ធ្វើឲ្យបាត់បង់ ២ពិន្ទុជាមួយអង្គរថាយហ្គឺរ

មាស សុផាណារ៉ុង May 8, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មិនបានបន្ទោសកូនក្រុមឡើយ ក្រោយប្រកួតស្មើក្រុមអង្គរថាយហ្គឺរ ១-១ ក្នុងដីកាលពីថ្មីៗ ផ្ទុយទៅវិញលោកបានបន្ទោសខ្លួនឯងដែលបង្កកំហុសធ្វើឲ្យបាត់បង់ ២ពិន្ទុលើកដំបូងក្នុងរដូវកាលថ្មីនៃលីគកំពូលកម្ពុជាទៀតផង។

លោក Conor និយាយថា៖ «ក្នុងនាមជាគ្រូបង្វឹក ខ្ញុំគិតថា ខ្ញុំដឹកនាំក្រុមបាត់បង់ ២ពិន្ទុ។ កីឡាករធ្វើការខ្លាំងមែនទែន ដោយព្យាយាមធ្វើតាមគម្រោងបានប្រាប់ ខ្ញុំបង្កើតកំហុសខ្លះ ខណៈក្រុមបាត់បង់២ពិន្ទុ គឺដោយសារគ្រូបង្វឹក។ គ្រប់ការប្រកួត យើងតែងតែមានគម្រោងគ្រប់គ្រងការប្រកួត ហើយកំហុសនេះកើតមានឡើងដោយសារគ្រូបង្វឹកមិនមែនកីឡាករនោះទេ។ ខ្ញុំមិនអាចលម្អិតច្រើនជាងនេះទេ…»។

ទន្ទឹមជាមួយការទទួលស្គាល់កំហុសនេះដែរ លោកក៏បានធ្វើការសូមទោសកូនក្រុមខ្លួនទៀតផង។ តែយ៉ាងណាលោកក៏ទទួលស្គាល់ក្រុមអង្គរថាយហ្គឺរ គឺជាក្រុមខ្លាំងមួយដែរ ដែលធ្វើឲ្យការប្រកួតនេះ គឺជាការប្រកួតដ៏លំបាក។ ហេតុនេះលោកពេញចិត្ត នឹងការរកបាន ១ពិន្ទុ ដ្បិតព្រះខ័នរាជស្វាយរៀង ពុំធ្លាប់ឈ្នះអង្គរថាយហ្គឺរឡើយ បើគិតតាំងពីឆ្នាំ២០១៦ ដោយពេលខ្លះកំហុសកើតចេញពីកីឡាករ ឬគ្រូបង្វឹកជាដើម។

ថ្វីបើព្រះខ័នរាជស្វាយរៀង បានរបូត ២ពិន្ទុដំបូងក៏ពិតមែន តែពួកគេ នៅតែអាចរក្សាកៅអីកំពូលតារាងបាន ដោយមាន ១៦ពិន្ទុ ជាមួយលទ្ធផល ៦ប្រកួតឈ្នះ៥ និងស្មើ១។ រីឯប្រកួតបន្ទាប់ អាចចាត់ទុកជាការប្រកួតងាយស្រួលរបស់ពួកគេ រហូតមានអ្នកខ្លះ ធ្វើការទស្សន៍ទាយទុកមុនព្រះខ័នរាជស្វាយរៀង នឹងរក្សាកៅអីកំពូលតារាងបន្ដទៀត ព្រោះត្រូវជួបខេត្តកំពង់ចាមដែលមានកម្រិតដាច់ឆ្ងាយពីគ្នានាថ្ងៃទី១២ ខែឧសភាចុងសប្ដាហ៍នេះ៕

 

រូបភាព៖ ព្រះខ័នរាជស្វាយរៀង – Preah Khan Reach Svay Rieng FC

អត្ថបទ៖ បុត្រា

មតិយោបល់