កែវ សុខង៉ន បញ្ជាក់មូលហេតុ ភ្នំពេញក្រោន ចែកផ្លូវជាមួយ Leonardo តែថាមិនប៉ះពាល់កីឡាករឡើយ

នូ មករា May 8, 2019


ភ្នំពេញ៖ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានឲ្យដឹងថា ការបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹកលោក Leonardo Vitorino កាលពីម្សិលមិញ គឺជាការសម្រេចចិត្តផ្ទាល់របស់លោក Leonardo ព្រោះលោកមិនពេញចិត្តនឹងលទ្ធផលខ្លួនឯងដឹកនាំ ប៉ុន្ដែការចាកចេញនេះ មិនប៉ះពាល់ដល់កីឡាករនោះទេ ។

អ្នកចាត់ការក្រុមវ័យក្មេងរូបនេះ បានបញ្ជាក់ថា៖ «នេះគឺជាការសម្រេចចិត្តរបស់គាត់(Leonardo) ដោយផ្អែកលើវិន័យការងាររបស់គាត់ សូម្បីគាត់ក៏អត់សប្បាយចិត្តដែរ ចំពោះលទ្ធផលអត់ល្អកន្លងមក អុីចឹងគាត់ដឹងថា គាត់ជាគ្រូបង្វឹក គាត់ទទួលបន្ទុកខ្ពស់ណាស់ ហើយគាត់ក៏សម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយក្លឹបដោយខ្លួនឯង»។

ជាមួយនឹងការបាត់បង់គ្រូបង្វឹកពាក់កណ្ដាលផ្លូវ នៃជើងទី១ នេះដែរ សុខង៉ន បានអះអាងថា មិនប៉ះពាល់ក្រុម ឬកីឡាករនោះទេ ។ លោកថា៖ «ចំពោះកីឡាករ អត់មានបញ្ហាអ្វីទេ ពួកគាត់នៅតែផ្ដោតអារម្មណ៍លើការហ្វឹកហាត់ ការខិតខំប្រឹងប្រែង ព្រោះធម្មតាអត់សប្បាយចិត្ត ក៏អត់ជួយអ្វីយើងបានដែរ អុីចឹងយើងនឹងខំប្រឹង សម្រាប់ការប្រកួតសេសសល់របស់យើង»។

ទន្ទឹមជាមួយគ្នា អតីតកីឡាករជម្រើសជាតិកម្ពុជាខាងលើ បានបញ្ជាក់ថា ក្រោយចែកផ្លូវជាមួយលោក Leonardo កៅអីគ្រូបង្វឹកនឹងត្រូវដឹកនាំបណ្ដោះអាសន្នដោយលោក ស៊ុំ វណ្ណា ។ ចំណែកការងារផ្សេងៗ ពាក់ព័ន្ធនឹងការរើសគ្រូបង្វឹកថ្មី ឬយ៉ាងណា កំពុងស្ថិតក្នុងការពិចារណារបស់ថ្នាក់ដឹកនាំក្លឹប ហើយក្លឹបនឹងប្រកាសនាពេលក្រោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់