កោះកុង និងត្បូងឃ្មុំ កក់កៅអីវគ្គ ១/២ ពានរង្វាន់សម្ដេចតេជោ និង២ក្រុមទៀត ចាំអ៊ុតល្ងាចនេះ!

មាស សុផាណារ៉ុង May 8, 2019


 

ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាលទី១៣ បានដំណើរការប្រកួតវគ្គជម្រុះ ៨ក្រុមចុងក្រោយហើយ ស្របពេលក្រុមជម្រើសខេត្តកោះកុង និងខេត្តត្បូងឃ្មុំ សុទ្ធតែបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន កាលពីម្សិលមិញ គ្រាដែលល្ងាចនេះ នឹងមាន ២ប្រកួតទៀត ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។

ចំពោះខេត្តកោះកុង បានយកឈ្នះខេត្តកំពត ១-០ លើទឹកដីខ្លួន ខណៈខេត្តត្បូងឃ្មុំ បានលត់ក្រុមភ្ញៀវខេត្តកំពត ២-០។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមទាំងពីរ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ រីឯក្រុមជម្រើសខេត្តកំពត និងខេត្តព្រៃវែង បានត្រឹមជួបការខកចិត្តជាថ្មី ដ្បិតកាលពីជួបគ្នាវគ្គជម្រុះបឋមក្នុងពូល ក្រុមទាំងពីរសុទ្ធតែធ្លាប់ចាញ់ខេត្តកោះកុង និងខេត្តត្បូងឃ្មុំ ម្ដងរួចមកហើយ។

ចំណែក ២ក្រុមត្រូវឡើងបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ត្រូវចាំអ៊ុតលទ្ធផល ២ប្រកួតល្ងាចនេះ រួមមានខេត្តសៀមរាប ប៉ះខេត្តកែប និងខេត្តកំពង់ធំ ប៉ះខេត្តរតនៈគិរី។

បន្ទាប់មករកឃើញបេក្ខភាព ៤ក្រុមចុងក្រោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរៀបចំកម្មវិធីចាប់គូប្រកួតម្ដងទៀត ដើម្បីកំណត់ក្រុមធ្វើម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខ។

គួរដឹងថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត គឺជាការប្រកួតដ៏សំខាន់ ព្រោះក្រុមឈ្នះ មិនត្រឹមទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រនោះទេ ថែមទាំងទទួលបានសិទ្ធចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាទាំង ១៤ក្លឹបទៀតផង ៕

 

រូបភាព៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់