U-15 នារីកម្ពុជា ចេញទៅថៃមុន២ថ្ងៃ ត្រៀមចូលរួមពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាលើកទី៣

មាស សុផាណារ៉ុង May 7, 2019


 

ភ្នំពេញ៖ ក្រុមកីឡាការិនីអាយុក្រោម១៥ឆ្នាំ កម្ពុជា បានចាកចេញទៅកាន់ប្រទេសថៃ ហើយមុនការប្រកួត ២ថ្ងៃមកដល់ ក្នុងព្រឹត្តិការណ៍បាល់ទាត់នារី អាយុក្រោម១៥ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U15 Girls’ Championship 2019 ) នៅ​ខេត្តឈុនបុរី នៅប្រទេសថៃ។

សមាសភាពក្រុមទាំងមូលដែលមានសមាជិក២៣នាក់ បូករួមទាំងថ្នាក់ដឹកនាំ និងក្រុមគ្រូបង្វឹកបានចាកចេញពីមាតុប្រទេសកាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នេះ នឹងបានទៅដល់ប្រទេសថៃ ដោយសុវត្ថិភាព ផងដែរ។

សូមបញ្ជាក់ថា U-15 នារីកម្ពុជា ស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះថៃ, ឡាវ, ម៉ាឡេស៊ី និងសិង្ហបុរី ខណៈពូល A មានមីយ៉ាន់ម៉ា, វៀតណាម, ហ្វីលពីន និងទីម័រខាងកើត។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៩ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី២១ ខែដដែល ឆ្នាំ២០១៩។

គួរបញ្ជាក់ថា នេះជាលើកទី៣ ដែលកីឡាការិនីអាយុក្រោម១៥ឆ្នាំ កម្ពុជា ចូលរួមការប្រកួតក្នុងពានរង្វាន់នេះ ខណៈកាលពីឆ្នាំ២០១៧ ធ្វើឡើងនៅប្រទេសឡាវ U-15 នារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤។​ ឆ្នាំកន្លងទៅពុំអាចឆ្លងផុតវគ្គជម្រុះក្នុងពូលឡើយ ក្រោយប្រកួត៣លើក ចាញ់ទាំង ៣លើក៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់