កំណត់ត្រារបស់ លោក Leo នៅកម្ពុជា ជាមួយក្លឹប និងក្រុមជម្រើសជាតិ

មាស សុផាណារ៉ុង May 7, 2019


 

ភ្នំពេញ៖ លោក Leonardo Vitorino ដែលជាអតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជាម្រើសជាតិកម្ពុជា ក៏ដូចជាក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានអស់តួនាទីពីគ្រូបង្វឹកក្នុងបាល់ទាត់នៅប្រទេសកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។

កាលពីខែមីនា ឆ្នាំ២០១៧ លោក Leonardo Vitorino ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែតាំងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំ ប៉ុន្តែបានមិនដល់ ១ឆ្នាំពោលគឺត្រឹមតែរយៈពេល ៧ខែ គ្រូបង្វឹកសញ្ចាតិប្រេស៊ីលរូបនេះ ត្រូវបានសហព័ន្ធសម្រេចប្រកាសចែកផ្លូវ ក្រោយដឹកនាំក្រុមពុំទទួលជោគជ័យ។

រយៈពេល ៧ខែ Leonardo ដែលដឹកនាំក្រុមជម្រើសជាតិឈុតធំ បានរកជ័យជម្នះឲ្យកម្ពុជាតិចតួចបំផុត ពោលគឺជាមួយជម្រើសជាតិកម្ពុជាឈុតធំ ៦ប្រកួត រកជ័យជម្នះបានតែ ១ប្រកួតប៉ុណ្ណោះ។

និយាយដោយឡែកនៅពេលកាន់ឈុតយុវជនវិញ ដឹកនាំ U-23 ក្នុងវគ្គជម្រុះជើងឯកយុវជនអាស៊ី ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ និងដឹកនាំ U-22 កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ៥ប្រកួតចាញ់ទាំង ៥ប្រកួត។ លទ្ធផលនេះ ភ្លាមៗនៅក្រោយចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លោក Leonardo Vitorino ត្រូវបានសហព័ន្ធប្រកាសបញ្ចប់កិច្ចសន្យាមុនកាលកំណត់ផ្ទាល់តែម្ដង ពោលគឺនៅខែតុលា ឆ្នាំ២០១៧។

រយៈពេលជាង១ឆ្នាំ ក្នុងឆ្នាំ២០១៨ ដែល លោក Leonardo Vitorino ត្រលប់ទៅធ្វើការនៅប្រទេសកំណើតវិញ ជាមួយក្លឹបនៅលីគទី២ ប្រេស៊ីល Ceará Sporting Club ក្នុងនាមជានាយកបច្ចេកទេសក្លឹប រហូតដល់ចុងឆ្នាំ២០១៨ នាខែតុលា លោក ត្រូវបានក្លឹបភ្នំពេញក្រោន ប្រកាសតែងតាំងជាគ្រូបង្វឹកផ្លូវការ ក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំដូចគ្នា។

លោកបានចូលមកកែប្រែ ក្លឹបភ្នំពេញក្រោន ជាច្រើនទាំងទៅលើការហ្វឹកហាត់ និងការនាំចូលកីឡាកររហូតដល់ទទួលការសរសើរពីអ្នកគាំទ្រ ប៉ុន្តែអ្វីៗបានប្រែប្រួលនៅពេលដែលការប្រកួតផ្លូវការមកដល់នៃលីគកំពូលកម្ពុជា ដោយចាប់តាំងពីលីគចាប់ផ្ដើម ក្នុងចំណោម៦ប្រកួត លោកបានដឹកនាំក្រុមឈ្នះតែ ២ប្រកួតប៉ុណ្ណោះ និងរងបរាជ័យ ៤ប្រកួត ដែលជាហេតុធ្វើឲ្យនៅថ្ងៃទី០៧ ខែឧសភា លោកត្រូវបានក្លឹបប្រកាសចែកផ្លូវដូចគ្នាទៅនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ៕

នេះគឺជាលទ្ធផលដែលលោកដឹកនាំ ភ្នំពេញក្រោន ជាមួយ ជម្រើសជាតិកម្ពុជា ឈុតធំ៖

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់