គ្រូបឹងកេត មិនសូវពេញចិត្តនឹងជ័យជម្នះ ៣-១ លើក្រុម U-18 បាទីឡើយ

មាស សុផាណារ៉ុង May 7, 2019


 

ភ្នំពេញ៖ ទោះពីបឹងកេត បានទទួល ៣ពិន្ទុពេញពីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U18 ក្ដី តែគ្រូបង្វឹកលោក ហៅ សុជាតិ ហាក់មិនពេញចិត្ត ចំពោះជ័យជម្នះ ៣-១ ឡើយ ព្រោះជាលទ្ធផលផ្ទុយពីការរំពឹងទុក និងការចង់បានរបស់ខ្លួន។

លោក ហៅ សុជាតិ និយាយថា «ពួកយើងគឺធ្វើបានល្អក្នុងថ្ងៃនេះ ( ថ្ងៃអាទិត្យ ) តែអ្វីដែលសោកស្តាយ គឺយើងមានឱកាសច្រើន ធ្វើមិនបានល្អ…។ លទ្ធផលនេះ គឺមិនដូចទៅនឹងអ្វី ដែលយើងគិតទុកនោះទេ ដោយសារតែយើងរំពឹងថា ឈ្នះទទួលបាន ៣ពិន្ទុ ហើយរកគ្រាប់បាល់បានច្រើន ហើយមួយវិញទៀត គឺយើងភ្លាត់ឱ្យយុវជនបាទី រកគ្រាប់បាល់បានមុនទៀត។»

បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ យុវជនបាទីអាយុក្រោម១៨ឆ្នាំ នេះដែរ បឹងកេត បានរំកិលខ្លួនឡើងទៅឈរលេខ៤ និងមាន ១៣ពិន្ទុស្មើក្រុមវិសាខា។ តែប្រកួតបន្ទាប់ ពួកគេនឹងធ្វើការងារកាន់តែធ្ងន់ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះវិសាខា នាថ្ងៃទី១១ ខែឧសភា ក្នុងសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានវិសាខា៕

 

រូបភាព៖ បឹងកេតអែហ្វស៊ី – Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់