ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ប្តេជ្ញាប្រកួតទល់នឹងកម្ពុជា ទោះបញ្ហាផ្ទៃក្នុងមិនទាន់ដោះស្រាយដាច់ស្រេច

មាស សុផាណារ៉ុង May 6, 2019


 

ប៉ាគីស្ថាន៖ លោក Syed Ashfaq Hussain Shah ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ( PFF ) បាននិយាយថា ក្រុមជម្រើសជាតិប៉ាគីស្ថាន នឹងប្តេជ្ញាបង្ហាញការប្រកួតដ៏ស្វិតស្វាញក្នុងជុំទី១ នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ជាមួយនឹងជម្រើសជាតិកម្ពុជា នៅខែក្រោយ។ PFF បានកោះហៅកីឡាករច្រើនជាង ៥០នាក់ សម្រាប់ការបោះជំរុំហ្វឹកហាត់ មុនការប្រកួតមកដល់នាខែក្រោយ។

«យើងបានកោះហៅកីឡាករ ៣២នាក់ ដែលបានលេងឱ្យប៉ាគីស្ថានពីមុន។ អ្នកជ្រើសរើសរបស់យើង ក៏បានធ្វើបញ្ជីកោះហៅថ្មីបន្ថែមចំនួន ២០នាក់ទៀតផងដែរ។ កីឡាករដែលមានអាយុចន្លោះពី១៨ ទៅ ២៣ឆ្នាំ ដែលបានលេងយ៉ាងល្អនៅក្នុងលីគប៉ាគីស្ថាន កាលពីពេលថ្មីៗនេះ ក៏នឹងចូលរួមក្នុងជំរុំផងដែរ»។ លោក Ashfaq បានបញ្ជាក់។

ប៉ាគីស្ថាន ជួបជាមួយ កម្ពុជា គ្រោងនឹងធ្វើការប្រកួតចំនួន២ លើក នៅខែក្រោយ – ជើងទី១ នៅពហុកីឡដ្ឋានជាតិ របស់កម្ពុជា នាថ្ងៃទី០៦ ខែមិថុនា ហើយការប្រកួតជើងទី២ ត្រូវបានគេរំពឹងថានឹងត្រូវរៀបចំឡើងដោយប៉ាគីស្ថាន នៅថ្ងៃទី១១ ខែមិថុនា។ ទីកន្លែងមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ទោះយ៉ាងណាក៏ដោយ អ្វីៗនៅមិនច្បាស់លាស់ ព្រោះថាស្ថាប័នកីឡាបាល់ទាត់ពិភពលោក ( FIFA ) នៅតែទទួលស្គាល់អតីតប្រធានសហព័ន្ធចាស់ លោក Faisal Saleh Hayat ជាប្រធានរបស់ខ្លួន។ Hayat ត្រូវបានអស់តំណែង ហើយការរៀបចំសហព័ន្ធថ្មីនេះបានធ្វើឡើង ២ទៅ៣ ខែមកហើយ បន្ទាប់ពីការបោះឆ្នោតដែលត្រូវបានធ្វើឡើងក្រោមការឃ្លាំមើលរបស់តុលាការកំពូល។

ទន្ទឹមនឹងនេះដែរ លោក Ashfaq បានរកឃើញភាពស្របច្បាប់នៃក្រុមរបស់លោក នៅលើមូលដ្ឋាននៃការងារដែលពួកគេបាននឹងកំពុងធ្វើ។ ពួកគេបានរៀបចំការប្រកួតនានា បន្ទាប់ពីបានធ្វើការសាកល្បងនៅទូទាំងប្រទេស។ ឥឡូវនេះពួកគេកំពុងព្យាយាមរៀបចំភាពរឹងមាំ សម្រាប់ការប្រកួតជុំទី១ នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក។ «យើងបានព្យាយាមអស់ពីសមត្ថភាពរបស់យើងជាមួយនឹងការប្តេជ្ញាចិត្តសម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់។ អ្នករាល់គ្នាដឹងពីកន្លែងដែលកីឡាបាល់ទាត់ប៉ាគីស្ថានកំពុងឈរ។ ប្រសិនបើយើងស្ថិតលើផ្លូវត្រូវ គ្រប់គ្នានឹងគាំទ្រយើង។ នោះគឺជាអ្វីដែលយើងកំពុងធ្វើ»។ សម្ដី លោក Ashfaq។

យោងតាមសេចក្ដីរាយការណ៍ដដែល បានបញ្ជាក់ថា មន្ត្រីរបស់ FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងទៅកាន់ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ ដើម្បីវាយតម្លៃបញ្ហានេះ មុនពេលធ្វើការសម្រេចចិត្តពីជោគវាសនារបស់បាល់ទាត់ប៉ាគីស្ថាន៕

 

ប្រភព៖ pakistantoday

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់