លោក មាស ចាន់ណា មិនគិតថាណាហ្គា អាចយកឈ្នះ ភ្នំពេញក្រោន ជាមួយលទ្ធផល ៣ទល់០

មាស សុផាណារ៉ុង May 6, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានលើកឡើងដោយមិនគិតថា ណាហ្គា អាចយកឈ្នះ ភ្នំពេញក្រោន ជាមួយនឹងលទ្ធផលគាប់ចិត្ត ៣ទល់០ ក្នុងជំនួបសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា កាលពីម្សិលមិញឡើយ។

នៅក្នុងការប្រកួត ណាហ្គាវើលដ៍ បានបើកការនាំមុខមុនក្នុងរយៈពេល ២នាទី ២គ្រាប់ ពោលគឺធ្វើបានដោយកីឡាករ Amir Gurbani និង Paul Omogba នានាទី៣៤, ៣៦ មុននឹង Amir Gurbani ដដែលរកគ្រាប់ទី៣ នៅនាទី៧១ ស្របពេលដែលភ្នំពេញក្រោន ពុំមានឱកាសតបតសូម្បីតែ ១គ្រាប់។

ថ្លែងក្រោយចប់ការប្រកួតជាមួយនឹងលទ្ធផលជាទីគាប់ប្រសើរនេះ លោក មាស ចាន់ណា បានបញ្ជាក់ថា៖ «ចំពោះខ្ញុំគឺសប្បាយចិត្ត សម្រាប់ជ័យជម្នះ ៣ទល់០ ព្រោះនេះមិនមែនជាក្ដីរំពឹងរបស់ខ្ញុំដល់ ៣ទល់០ ទេ ត្រឹមតែ ១-០ ២-១ ឬក៏ ២-០ គឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ ក៏ប៉ុន្តែក្រោយលេងបានប្រមាណ ១០នាទី ទៅ២០នាទី អាចមែន ដោយសារទម្រង់ការពាររបស់ភ្នំពេញក្រោន ប្ដូរលេងទម្រង់វាយបក អច្ចឹងគិតថាពិបាកនឹងទាត់ចូល ប៉ុន្តែនៅពេលទាត់ចូល ១គ្រាប់ ខ្ញុំគិតថាវានឹងងាយស្រួលទាត់ចូល អ្វីដែលខ្ញុំគិតថាគឺភ្នំពេញក្រោន រៀបចំលេងពីក្រោម ប៉ុន្តែគេលេងពីលើ ប៉ុន្តែកីឡាករខ្ញុំគាត់មានបទពិសោធន៍ គាត់មានការប្រែប្រួលលឿន គារ់ធ្វើបានល្អ»។

លោកបានបន្តជុំវិញ ២គ្រាប់ដែលកើតចេញពីបាល់ដែលរៀបចំ ( Set Piece ) គឺលោកថ្លែងសរសើរដល់កូនក្រុមដោយសារនេះគឺជាការរៀបចំ ហើយពួកគេអាចធ្វើបានដោយជោគជ័យ។

សូមបញ្ជាក់ថា ណាហ្គាវើលដ៍ យកឈ្នះ ភ្នំពេញក្រោន ធ្វើឲ្យក្រុមមួយនេះ បន្តឈរនៅលេខ២ ដដែល ក្រោយប្រកួត៦ដង ឈ្នះ៥ និងចាញ់តែម្ដងគត់ មាន១៥ពិន្ទុ តាមពីក្រោយក្រុមកំពុលតារាងព្រះខ័នរាជស្វាយរៀង ១ពិន្ទុប៉ុណ្ណោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់