លោក Leonardo មិនជោគជ័យនៅកម្ពុជា ជាលើកទី២ ក្រោយត្រូវបានភ្នំពេញក្រោន ប្រកាសចែកផ្លូវ

មាស សុផាណារ៉ុង May 7, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយ លោក Leonardo Vitorino ជាផ្លូវការហើយ បន្ទាប់ពីដឹកនាំក្រុមរហ្សនាមសឹង្ហក្រហម មួយនេះពុំជោគជ័យ តាំងពីដើមរដូវកាល។

ក្លឹបបានប្រកាសថា៖ «ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជម្រាបដល់អ្នកគាំទ្រក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបនិងលោកគ្រូបង្វឹក Leonardo Vitorino បានសម្រេចឯកភាពគ្នាបញ្ចប់កុងត្រាជាផ្លូវការក្រោយការដឹកនាំក្រុមបានត្រឹមសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ។»

គួរដឹងដែរថា លោក Leonardo Vitorino បានចូលមកដឹកនាំភ្នំពេញក្រោន កាលពីចុងខែតុលា ឆ្នាំ២០១៨ ជាមួយនឹងកិច្ចសន្យាដឹកនាំរយៈពេល ១ឆ្នាំ។ រយៈពេលដឹកនាំជិតកន្លះឆ្នាំ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៧ រូបនេះ បានដឹកនាំភ្នំពេញក្រោន ប្រកួតក្នុងលីគ ពុំបានល្អទាល់តែសោះ ដោយការប្រកួតចំនួន ៦ប្រកួត ឈ្នះ២ មិនដែលស្មើ និងចាញ់៤ ដង ហើយធ្វើឲ្យក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ១០ មានតែ៦ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាងរហូតដល់ ១០ពិន្ទុ។

ការដែលត្រូវបានបញ្ចប់ភារកិច្ចមុនការកំណត់បែបនេះ គឺជាលើកទី២ ហើយសម្រាប់គ្រូបង្វឹកសញ្ជាតិប្រេស៊ីល រូបនេះ ដោយកាលពីឆ្នាំ២០១៧ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ចប់តួនាទីមុនការកំណត់ដូចគ្នានេះ ក្រោយដឹកនាំក្រុមជម្រើសជាតិកម្ពុជា ពុំជោគជ័យ។

សម្រាប់គ្រូបង្វឹកដែលនឹងឡើងមកជំនួស អាចប្រហែលជា លោក ស៊ុំ វណ្ណា ដែលជាអតីតគ្រូជំនួយរបស់ លោក Leonardo ខណៈដែលគ្រូបង្វឹករូបនេះទើបតែបានបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកកម្រិត A License កាលពីពេលថ្មីៗនេះផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់