ទោះចាញ់វិសាខា ១៤-០ តែកំពង់ចាម តាំងចិត្តរក្សាកៅអីលីគមិនឲ្យរបូតឡើយ

មាស សុផាណារ៉ុង May 6, 2019


 

ភ្នំពេញ៖ លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ខេត្តកំពង់ចាម មិនបានបន្ទោសកូនក្រុម ឬអ្នកណាម្នាក់ឡើយ បន្ទាប់ពីក្រុមរងបរាជ័យជាបន្ដបន្ទាប់ និងរបូតច្រើនគ្រាប់ក្ដី។ មិនតែប៉ុណ្ណោះ លោកបានតាំងចិត្តយកការបរាជ័យខាងលើ ធ្វើជាដើមទុនខំប្រឹងដើម្បីរក្សាកៅអីលីគកំពូលកម្ពុជាឲ្យបាន នាឆ្នាំ២០២០ ទៀតផង។

ការអះអាងបែបនេះ ក្រោយខេត្តកំពង់ចាម រងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមវិសាខា ១៤ទល់០ កាលពីចុងសប្ដាហ៍កន្លងទៅ។ លោកថា៖ «ចំពោះខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ចាម អត់មានអ្វីត្រូវអន់ចិត្តទេ ព្រោះកំពង់ចាម ជាក្លឹបខេត្ត ហើយទើបឡើងថ្មី មានន័យថា ជាមោទកភាព។ មួយទៀត ឱកាសដែលរបូតគ្រាប់បាលច្រើន ឬតិច ប៉ុន្មានប្រកួតមកនេះ ខ្ញុំគិតថា ជាបទពិសោធន៍មួយ ដើម្បីអភិវឌ្ឍក្លឹបខ្ញុំបន្ដទៀត»។

លោកបន្ដថា «ទោះបីប៉ុន្មានប្រកួតមកនេះ ក្រុមខ្ញុំបានចាញ់ ហើយរបូតគ្រាប់បាល់ច្រើនមែន តែខ្ញុំគិតថា នឹងរក្សាកៅអីលីគកំពូលកម្ពុជា មិនឲ្យរបូតទេ ធ្វើម៉េចប្រឹងប្រែងនៅជុំទី២ ឬប្រកួតបន្ដបន្ទាប់ទៀត ត្រូវតែរកដំណោះស្រាយ ដើម្បីមានឱកាសបង្ហាញខ្លួនក្នុងលីគ នាឆ្នាំ២០២០ បន្ដទៀត»។

គួរដឹងថា ក្រុមខេត្តកំពង់ចាម បានឡើងមកលេងលីគកំពូលកម្ពុជា តាមការសម្រេចនិងអនុញ្ញាតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ បច្ចុប្បន្នក្រុមនេះ កំពុងឈរបាតតារាង និងមាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ១ និងចាញ់ ៥ ហើយក៏ជាក្រុមរបូតគ្រាប់បាល់ច្រើនជាងគេផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់