កំណត់ត្រាថ្មី៣ បានកើតឡើង ក្រោយវិសាខា លត់ ខេត្តកំពង់ចាម ១៤-០

មាស សុផាណារ៉ុង May 5, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា បានលត់ក្រុមក្មេងខ្ចី ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ដោយលទ្ធផល ១៤-០ ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានវិសាខា កាលពីល្ងាចមិញ។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យកើតមានកំណត់ត្រាថ្មីចំនួន៣ សម្រាប់ដើមរដូវកាលនេះ ខណៈកីឡាករ កែវ សុខផេង ធ្វើបានចំនួន២ ម្នាក់ឯង។

ជាមួយនឹងជ័យជម្នះមិនប្រណីដៃពីក្រុម លោក ហុក សុជីវ័ន នេះបានធ្វើឲ្យវិសាខា ក្លាយជាក្រុមដំបូង ដែលអាចបំបែកកំណត់ត្រាជាក្រុមរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងមួយប្រកួត ពោលគឺច្រើនជាងអង្គរថាយហ្គឺរ និងក្រសួងការពារជាតិ ដែលធ្លាប់បានយកឈ្នះក្លឹបបាល់ទាត់ខេត្តកំពង់ចាម ដោយលទ្ធផល ១១-០ ដូចគ្នា កាលពីពេលសប្ដាហ៍ទី២ និងទី៣។

ឯកីឡាករ កែវ សុខផេង គេបានបំប៉ោងសំណាញ់ទីខេត្តកំពង់ចាម ៧គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះខាងលើ។ ចំពោះកំណត់ត្រាថ្មី ដែលអតីតសមាជិកក្លឹបភ្នំពេញក្រោន នេះធ្វើបាន៖

  • ទី១៖ នេះគឺជាប្រកួតដំបូង ដែល សុខផេង រកបានគ្រាប់បាល់ក្រោយបង្ហាញខ្លួន ៥ប្រកួតលើទីលាន
  • ទី២៖ សុខផេង ជាកីឡាករដំបូង ដែលធ្វើបាន Double Hat-Trick ក្រោយរកបាន ៧គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត។

បន្ទាប់ពីរកបាន ៣ពិន្ទុពីខេត្តកំពង់ចាម បានធ្វើឲ្យវិសាខា ឡើងឈរលេខ២ បណ្ដោះអាសន្ន និងមាន ១៣ពិន្ទុ តែត្រូវចាំអ៊ុតលទ្ធផលគូប្រកួតប្រជែងតំណែងដ៏សំខាន់នេះចំនួន ៣ក្រុមទៀត រួមមានណាហ្គាវើល ត្រូវជួបក្រុមភ្នំពេញក្រោន, អង្គរថាយហ្គឺរ ត្រូវជួបក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង និងបឹងកេត ប៉ះក្រុមម្ចាស់ផ្ទះ យុវជនបាទីអាយុក្រោម១៨ឆ្នាំ ដែលត្រូវធ្វើការប្រកួតបញ្ចប់សប្ដាហ៍ទី៦ នាល្ងាចថ្ងៃទី០៥ ខែឧសភានេះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់