គ្រូណាហ្គាវើលដ៍ នៅតែចាត់ទុកភ្នំពេញក្រោនជាក្រុមខ្លាំង ទោះប៉ុន្មានប្រកួតចុងក្រោយធ្វើពុំសូវបានល្អ

មាស សុផាណារ៉ុង May 5, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានថ្លែងនូវការសរសើរដល់គូប្រកួតភ្នំពេញក្រោន ដែលត្រូវតតាំងគ្នាល្ងាចនេះ ក្នុងជំនួបសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា បើទោះបីជាប៉ុន្មានប្រកួតចុងក្រោយធ្វើពុំសូវបានល្អក៏ដោយ។

និយាយនៅមុនការប្រកួតមកដល់ លោក មាស ចាន់ណា បានលើកឡើងថា លោកនៅតែមិនអាចមើលងាយគូប្រកួត ( ភ្នំពេញក្រោន ) បើទោះបីជាការចាប់ផ្ដើមរបស់ក្រុមនេះនៅ ៥ប្រកួតដំបូង ហាក់ធ្វើពុំសូវធ្វើបានល្អ។

« ចំពោះខ្ញុំ ខ្ញុំគិតថានៅតែមិនមើលងាយក្រុម ព្រោះភ្នំពេញក្រោន ការរៀបចំលេងពីក្រោមរបស់គេគឺល្អណាស់ អច្ចឹងខ្ញុំអត់អាចមើលងាយទេ ហើយគេក៏មានកីឡាករល្អៗដែរ អច្ចឹងខ្ញុំមិនអាចមើលងាយ ហើយក៏មិនអាចវាយតម្លៃថាក្រុមខ្ញុំនៅលើភ្នំពេញក្រោន ដែរ ដូច្នេះបើនិយាយពីឱកាសឈ្នះខ្ញុំអត់អាចនិយាយបានទេ ខ្ញុំគិតថានៅ ៥០ភាគរយម្នាក់ ក្រុមមួយនេះអត់អាចមើលងាយបាន គឺត្រូវតែប្រយ័ត្នគ្រប់ពេល នេះគឺជាក្ដីបារម្ភរបស់ខ្ញុំ។» សម្ដីរបស់ លោក មាស ចាន់ណា។

និយាយពីក្ដីរំពឹង គ្រូបង្វឹកវ័យ៣៩ឆ្នាំដដែលរូបនេះ​ បានបន្ថែមថា លោកនៅតែមានក្ដីជឿជាក់លើកូនក្រុម ដោយសារមួយរយៈចុងក្រោយពួកគេបានលេងជាមួយគ្នាស្ទើរតែគ្រប់ការប្រកួត ក៏ប៉ុន្តែទាក់ទងជាមួយកម្លាំង លោកក៏នៅមានការព្រួយបារម្ភបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតរវាង ណាហ្គាវើលដ៍ ជាមួយ ភ្នំពេញក្រោន ក្នុងជំនួបសប្ដាហ៍ទី៦ នេះគឺនឹងធ្វើឡើងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ ) នាវេលាម៉ោង ៦:០០ នាទីល្ងាច ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់