Dudu ថា បឹងកេត អាចឈ្នះគ្រប់ប្រកួតសូម្បីក្រុមកំពូលតារាង បើលេងល្អដូចប៉ះ ទ័ព

មាស សុផាណារ៉ុង May 4, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធប្រេស៊ីល Eduardo Purcino ដែលមានរហស្សនាម Dudu បានបង្ហាញការជឿជាលើក្រុមបឹងកេត កាន់តែមុតមាំ បន្ទាប់ពីរួមចំណែកជួយក្រុមយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ(ទ័ព) ២-០ កាលពីសប្ដាហ៍មុន ហើយថា បឹងកេតអាចទទួលបានជ័យជម្នះជាច្រើនទៀត បើសិនបន្ដធ្វើបានល្អ ដូចពេលប៉ះទ័ព កុំថាឡើយក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរកំពូលតារាង។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានលើកឡើងថា «តំបន់ការពាររបស់យើង ធ្វើការយ៉ាងល្អ កាលពីប្រកួតមុន វាជាចំណុចប្រសើរឡើងរបស់យើង ហើយសូម្បីតែការលេងជាក្រុមក៏មានការយល់ចិត្តគ្នា ។ ប្រសិនបើយើងនៅតែរក្សានូវការលេងដ៏ល្អ និងស៊ីចង្វាក់គ្នានេះបាន មានន័យថាយើងអាចយកឈ្នះលើក្រុមដទៃ មិនថាឡើយក្រុមកំពូលតារាង»។

តែយ៉ាងណាកីឡាកររកបាន ៣គ្រាប់នេះ បានអះអាងថា ពួកគេត្រូវការខំប្រឹងបន្ថែមទៀត ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អក្នុងតារាងពិន្ទុ។

បច្ចុប្បន្នបឹងកេត កំពុងកាន់ ១០ពិន្ទុក្នុងដៃ និងឈរលេខរៀងទី៥ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ៣ ស្មើ១ និងចាញ់ ១ ហើយចុងសប្ដាហ៍នេះ អតីតក្រុមជើងឯក ៣សម័យកាលនេះ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះយុវជនសាលាបាល់ទាត់បាទី U-18 នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ចុងសប្ដាហ៍នេះ នៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី៕

 

អត្ថបទ៖ បុត្រា

មតិយោបល់