ព្រះខ័នរាជស្វាយរៀង ឈ្នះពានឯកត្តជន២ ប្រចាំខែមេសាមុនបើកទ្វារទទួល អង្គរថាយហ្គឺរ ស្អែកនេះ

មាស សុផាណារ៉ុង May 4, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទទួលពានឯកជនចំនួន២ ប្រចាំខែមេសា ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) មុនបើកទ្វារកីឡដ្ឋានស្វាយរៀង ទទួលក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងជំនួបសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី០៥ ខែឧសភាស្អែកនេះ។

យោងតាមការជូនដំណឹងរបស់ CNCC នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា លោក Conor Nestor ដែលជាគ្រូបង្វឹក និងខ្សែប្រយុទ្ធ Privat Mbarga ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អ និងកីឡាករល្អប្រចាំខែមេសា បន្ទាប់ពីរួមចំណែកជួយក្រុមព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះ ៥ប្រកួតជាប់ៗគ្នា ដើម្បីឈរកំពូលតារាង ចំនួន៥សប្ដាហ៍កន្លងទៅ។

ខែមេសា កន្លងទៅ លោក Conor Nestor ដឹកនាំព្រះខ័នរាជស្វាយរៀង ឈ្នះ៣ប្រកួតជាប់ៗគ្នា រួមមាន ឈ្នះគីរីវង់សុខសែនជ័យ ០ទល់២, ឈ្នះភ្នំពេញក្រោន ៥ទល់១ និងចុងក្រោយថ្មីៗនេះ ឈ្នះអគ្គិសនីកម្ពុជា ០ទល់១។

នេះក៏ជាលើកទី២ ដែរ ដែលលោក Conor ទទួលបានពានកិត្តិយសមួយនេះ។ ចំពោះគូប្រកួតបើកឆាកខែថ្មី ខែឧសភាវិញ ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមអង្គរថាយហ្គឺរ ដែលជាក្រុមមិនទាន់ស្គាល់ពាក្យចាញ់ដូចគ្នា នៅកីឡដ្ឋានស្វាយរៀងស្អែកនេះ។ អង្គរថាយហ្គឺរ បានឆ្លងកាត់ ៥ប្រកួតឈ្នះ៣ និងស្មើ២ មាន ១១ពិន្ទុ។ ដូច្នេះការជួបគ្នាថ្ងៃអាទិត្យនេះ គឺជាការប្រកួតដ៏សំខាន់ គ្រាដែលអ្នកគាំទ្រ សុទ្ធតែកំពុងចាំអ៊ុត តើលោក Conor អាចជួយក្រុមរក្សាត្រាឈ្នះ ៦ប្រកួតជាប់គ្នាបានដែរ ឬក៏អត់?

 

អត្ថបទ៖ បុត្រា

មតិយោបល់