U-15 នារីកម្ពុជា ចេញបញ្ជីឈ្មោះត្រៀមចូលរួមពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាលើកទី៣

មាស សុផាណារ៉ុង May 3, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា បានធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាការិនីអាយុក្រោម១៥ឆ្នាំ ដែលត្រូវចូលរួម​ការប្រកួតព្រឹត្តិការណ៍បាល់ទាត់នារី អាយុក្រោម១៥ឆ្នាំ ( AFF U15 Girls’ Championship 2019 ) នៅ​ខេត្តឈុនបុរី នៅប្រទេសថៃ។

សមាជិកភាគច្រើនគឺត្រូវបានជ្រើសរើសចេញពីកីឡាការិនីតាមបណ្ដាលខេត្តដែលបានចូលរួមប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំឆ្នាំ២០១៨-១៩ ដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។

យោងតាមលទ្ធផលនៃការចាប់ឆ្នោត ក្នុងពានរង្វាន់នឹងមានការបែងចែកចេញជា ២ពូល ពូល A មាន៤ក្រុម និងពូល B មាន៥ក្រុម។ សម្រាប់ U-15 នារីកម្ពុជា ស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះថៃ, ឡាវ, ម៉ាឡេស៊ី និងសិង្ហបុរី ខណៈពូល A មានមីយ៉ាន់ម៉ា, វៀតណាម, ហ្វីលពីន និងទីម័រខាងកើត។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៩ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី២១ ខែដដែល ឆ្នាំ២០១៩។

គួរបញ្ជាក់ថា នេះជាលើកទី៣ ដែលកីឡាការិនីអាយុក្រោម១៥ឆ្នាំ កម្ពុជា ចូលរួមការប្រកួតក្នុងពានរង្វាន់នេះ ខណៈកាលពីឆ្នាំ២០១៧ ធ្វើឡើងនៅប្រទេសឡាវ U-15 នារីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤។​ ឆ្នាំកន្លងទៅពុំអាចឆ្លងផុតវគ្គជម្រុះក្នុងពូលឡើយ ក្រោយប្រកួត៣លើក ចាញ់ទាំង ៣លើក៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់