មាស ចាន់ណា៖ «លទ្ធផលចាញ់ ខ្ញុំអាចទទួលយកបាន ក៏ប៉ុន្តែទាក់ទងនឹងគេទាត់ចូលចុងម៉ោង…»

មាស សុផាណារ៉ុង May 2, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លឹបបាល់ទាត់ណាហ្គាវើលដ៍ មាស ចាន់ណា បានបង្ហើបថា៖ «លទ្ធផល ចាញ់ Hanoi ខ្ញុំអាចទទួលយកបាន ក៏ប៉ុន្តែទាក់ទងនឹងគេទាត់ចូលចុងម៉ោង…»។ ថ្លែងបែបនេះគឺនៅក្រោយចប់ការប្រកួត ដែលណាហ្គាវើលដ៍ រងបរាជ័យ ១ទល់៥ ក្រោមថ្វីជើង Hanoi FC ជំនួបទី៥ ប្រចាំពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 )។

នៅក្នុងការប្រកួត ណាហ្គាវើលដ៍ ធ្វើបានល្អនៅ៣៥នាទីដំបូងនៃវគ្គទី១ មុននឹងគូប្រកួតទាត់ចូលទីនៅនាទី៣៥ និងនាទី៤២។ ចូលដល់វគ្គទី២ ណាហ្គាវើលដ៍ តបបាន១គ្រាប់វិញ នៅនាទី៦៣ យ៉ាងណានាទីដែលនៅសេសសល់ Hanoi FC បានគ្រប់ដណ្ដប់ការប្រកួត និងរកគ្រាប់បាល់បាន ៣គ្រាប់បន្ថែម ក្នុងនោះ២គ្រាប់នៅចុងម៉ោង នាទី៨៦ និង៩០+១។

ប្រការនេះត្រូវបាន លោក មាស ចាន់ណា បានសម្ដែងការមិនពេញចិត្ត និងបានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ ខ្ញុំសប្បាយចិត្តនៅពេលដែលពួកគាត់ធ្វើបានល្អពីនាទីទី១ ដល់នាទី៣៥ អ្វីដែលជាផែនការរៀបចំ ក៏ប៉ុន្តែមិនសប្បាយចិត្តនៅ ១០នាទីចុងក្រោយពេលគាត់ហត់ ក្ដៅហត់គាត់ចាប់ផ្ដើមធ្លាក់ ពេលធ្លាក់នេះហើយគេមានឱកាសទាត់ចូលភ្លាមៗ អច្ចឹងវាជាបញ្ហាដែលខ្ញុំមិនសប្បាយចិត្តនៅតង់ទី១ នៅតង់ទី២ យើងចាប់ផ្ដើមធ្វើបានល្អទៀត រហូតដល់យើងវាយបកទាត់ចូលគេបាន១គ្រាប់វិញ តែនៅចុងម៉ោងយើងមានបញ្ហា ត្រង់គេទាត់ចូល។ ខ្ញុំបាននិយាយថា យ៉ាងហោចណាស់លទ្ធផលមិនឲ្យអាក្រក់ដូចនៅ Hanoi ឡើយ អច្ចឹងលទ្ធផលនេះខ្ញុំទទួលយកបាន ប៉ុន្តែទាក់ទងនឹងគេទាត់ចូលចុងម៉ោង ខ្ញុំនឹងព្យាយាមទាំងលីគក៏ដោយ ទាំងប្រកួតបន្ទាប់ក៏ដោយ ខ្ញុំមិនឲ្យគេទាត់ចូលអច្ចឹងទៀតទេ យើងគួរតែតង់ទី២ ខ្លាំងជាងគេ គួរតែទាត់ចូលគេវិញ អច្ចឹងអ្វីៗខ្ញុំត្រូវតែផ្លាស់ប្ដូរខ្លះ។»

គ្រូបង្វឹកវ័យ៣៩ឆ្នាំដដែលរូបនេះ ក៏បានទទួលស្គាល់ផងដែរ ជុំវិញការលេងច្រើនប្រកួតជាមួយមនុស្សដដែលៗច្រើនពេក ជាមួយនឹងការផ្លាស់ប្ដូរកីឡាករក្មេងៗធ្វើឲ្យមានបញ្ហាខ្លះ។ ប្រកួតក្រោយលោកថានឹងព្យាយាមធ្វើឲ្យល្អនៅចុងម៉ោង ដោយនឹងមានកលល្បិចវាយបកនៅចុងម៉ោងវិញ។

សូមរំលឹកថា លទ្ធផលពីការប្រកួតរវាង ណាហ្គាវើលដ៍ ជាមួយ Hanoi FC បានបញ្ចប់ទៅដោយលទ្ធផល ១ទល់៥ ធ្វើឲ្យណាហ្គាវើលដ៍ អស់ឱកាសឡើងទៅវគ្គបន្តហើយ ក្រោយរកបានតែ៣ពិន្ទុ ពីគារប្រកួតចំនួន៥ដង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់