គ្រូ EDC ជឿជាក់ព្រះខ័នរាជស្វាយរៀង ជាក្រុមលេចធ្លោរក្នុងលីគរដូវកាលថ្មីនេះ

មាស សុផាណារ៉ុង May 1, 2019


 

ភ្នំពេញ៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា (EDC) បានធ្វើការកោតសរសើរ ក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលថ្មីនេះ មានការប្រែប្រួលជាខ្លាំង ដែលធ្វើឲ្យលោកជឿជាក់លើក្រុមនេះ នឹងក្លាយជាក្រុមលេចធ្លោរលំដាប់កំពូលមួយ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ ក្រោយ EDC រងបរាជ័យក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀង ១-០ កាលពីថ្ងៃសៅរ៍។

អតីតគ្រូបង្វឹកជួយឲ្យបឹងកេតលើកពានលីគ កាលពីឆ្នាំ២០១២ រូបនេះបាននិយាយថា៖ «ខ្ញុំគិតថា ស្វាយរៀង គ្រប់ការប្រកួតទាំងអស់ តែងរកបានគ្រាប់បាល់ច្រើន យ៉ាងហោចណាស់ក៏ ២គ្រាប់ដែរ ។ តែការប្រកួតជាមួយ EDC ទម្រង់លេងមានការថយចុះបន្ដិច ព្រោះគាត់មានការផ្លាស់ប្ដូរកីឡាករមួយចំនួន តែខ្ញុំគិតថា ជាក្រុមមួយលេចធ្លោរក្នុងលីគ និងគួរឲ្យចាប់អារម្មណ៍។ ខ្ញុំសង្ឃឹមថា ស្វាយរៀង នឹងឈានដល់លំដាប់កំពូលបន្ដទៀត។»

លើសពីនេះ លោកបានមើលឃើញចំណុចវិជ្ជមានជាច្រើនរបស់ក្រុមលោក Conor Nestor ដោយថា «ស្វាយរៀង អាចជាក្រុមមានប្រព័ន្ធការពារល្អជាងគេ ព្រោះពេលជួបគ្នា ៩០នាទី ក្រុមយើងហាក់គ្មានឱកាសក្នុងការវាយបកសោះ។ និយាយរួម ទាំងការពារ និងប្រយុទ្ធ រឹងមាំមែនទែន ដូចប្រកួតកន្លងមក យើងឃើញពួកគេទើបរបូត ១គ្រាប់គត់ ដែលកើតឡើងដោយសារបាល់ប៉េណាល់ទីជាមួយភ្នំពេញក្រោន ក្រៅពីនេះក្រុមនីមួយៗ សុទ្ធតែមិនអាចទម្លាយរបាំងការពាររបស់ស្វាយរៀង។»

បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង ក្នុងសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ក្រោយឈ្នះ ៥ប្រកួតផ្ទួនៗ និងមាន ១៥ពិន្ទុ ហើយបានស៊ុតចូលគូប្រកួត ១១គ្រាប់ តែរបូតត្រឹម ១គ្រាប់ប៉ុណ្ណោះ គ្រាដែលប្រកួតបន្ទាប់ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ ត្រូវបើកទ្វារផ្ទះទទួលក្រុមមិនទាន់ស្គាល់ចាញ់ អង្គរថាយហ្គឺរ នាថ្ងៃទី០៥ ខែឧសភាខាងមុខនេះ នៅកីឡដ្ឋានស្វាយរៀយ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់