គ្រូ Hanoi FC មិនមានគោលដៅរកគ្រាប់បាល់ច្រើនដូចជើងទី១ ពេលប៉ះណាហ្គាវើលដ៍ ស្អែកនេះ

មាស សុផាណារ៉ុង April 30, 2019


 

ភ្នំពេញ៖ ណាហ្គាវើលដ៍ នឹងត្រូវតតាំងក្នុងជំនួបទី៥ ប្រចាំពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) ជាមួយនឹង Hanoi FC នៅថ្ងៃស្អែក ខណៈមុនការប្រកួតមកដល់ លោក Chu Dinh Nghiem គ្រូបង្វឹករបស់ Hanoi FC មិនមានគោលដៅរកគ្រាប់បាល់ច្រើនដូចជើងទី១ សម្រាប់ការប៉ះណាហ្គាវើលដ៍ ឡើយ។

រំលឹកទៅកាលពីជើងទី១ ក្នុងជំនួបដំបូងនៃពានដដែលនេះ ណាហ្គាវើលដ៍ បានរងគ្រោះយ៉ាងដំណំដោយ Hanoi ជាមួយនឹងគ្រាប់បាល់ ១០គ្រាប់ និងមិនអាចតបតវិញបានសូម្បីតែ១គ្រាប់។

យ៉ាងណាក៏ដោយនៅេជើងទី២ នេះ គ្រូបង្វឹកនៃក្លឹបកំពូលប្រចាំប្រទេសវៀតណាម មួយនេះ បានសម្ដែងនឹងមិនមានគោលដៅអាចរកគ្រាប់បាល់ច្រើនគ្រាប់ឡើយ។ លោកបាននិយាយថា៖ «កាលពីប្រកួតដំបូង យើងអាចនិយាយបានថាជាសំណាងរបស់យើង ដូច្នេះទើបបានជាយើងឈ្នះ ១០ទល់០ នៅក្នុងបាល់ទាត់យើងមិនអាចនិយាយទុកមុនបានទេ វាអាស្រ័យទៅលើរឿងជាច្រើន សម្រាប់ការប្រកួតថ្ងៃស្អែក យើងគោរពដល់ក្រុមម្ចាស់ផ្ទះ គោលដៅរបស់យើងគឺមិនមែនរកគ្រាប់បាល់ឲ្យបានច្រើនគ្រាប់នោះទេ គោលដៅរបស់យើងគឺយក ៣ពិន្ទុ ហើយអ្វីដែលសំខាន់បំផុតនោះ គឺក្រុមឈ្នះ គ្មានកីឡាកររបួស និងកីឡាករពុំទទួលបានកាតលឿង ឬក៏ក្រហម។»

គ្រូបង្វឹកដដែលរូបនេះ បានបង្ហាញនូវកង្វល់ចំនួន៣ ដែលក្រុមព្រួយបារម្ភសម្រាប់ការប្រកួតទល់នឹងណាហ្គាវើលដ៍ ទី១ គឺលើបញ្ហាអាកាសធាតុ ដែលជាធម្មតានៅវៀតណាម ទីក្រុងហាណូយ អាកាសធាតុមានភាពត្រជាក់ជាង ទី២ គឺបញ្ហាផ្លាស់ប្ដូរម៉ោង ដែលភាគច្រើននៅវៀតណាម ច្រើនប្រកួតនៅម៉ោង ៧យប់ និងទី៣ គឺបញ្ហាស្មៅសិប្បន្និមិត្ត នៅវៀតណាមប្រកួតតែនៅលើស្មៅធម្មជាតិ។

គួរបញ្ជាក់ថា ណាហ្គាវើលដ៍ ត្រូវប៉ះ Hanoi FC នៅថ្ងៃទី០១ ស្អែកនេះ ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៥:០០ នាទីល្ងាច លើទីលានស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ ខណៈការប្រកួតក៏នឹងផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ Hanoi Football Club / Zing.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់