វិសាខា ប្រកាសរៀបចំការប្រកួតបាល់ទាត់យុវជន U-15 មាន១០ខេត្តចូលរួម

មាស សុផាណារ៉ុង April 30, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី៣០ ខែមេសា ក្លឹបបាល់ទាត់វិសាខា សហការជាមួយក្រុមហ៊ុនភេសជ្ជៈ G Park បានប្រកាសពីការត្រៀមរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំ ដោយមានយុវជន ១០ខេត្ត ចូលរួមប្រកួត។

ក្រុមយុវជនមកពីខេត្តទាំង ១០រួមមាន ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, ក្រចេះ, បាត់ដំបង, បន្ទាយមានជ័យ, ពោធិសាត់, កំពង់ឆ្នាំ, ព្រះសីហនុ និងកំពត ដោយចែកចេញជា ២ដំណាក់កាលប្រកួត ដំណាក់កាលដំបូង ចាប់ឆ្នោតផ្គូរផ្គង់ប្រកួតជម្រុះចាញ់ធ្លាក់ និងបែងចែកជាម្ចាស់ផ្ទះម្ដងម្នាក់។

ក្រុមឈ្នះចំនួន៥ បូកជាមួយក្រុមធ្លាក់ តែមានលទ្ធផលល្អជាងគេចំនួនមួយ នឹងឡើងទៅកាន់ការប្រកួតដំណាក់កាលចុងក្រោយ នៅកីឡដ្ឋានវិសាខា។ ដំណាក់កាលចុងក្រោយនេះ បែងចែកចេញជា ២ពូល ក្នុង១ពូលមាន៣ក្រុម ហើយយកតែ២ក្រុម ក្នុង១ពូលដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដល់វគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែឧសភា តទៅ ដល់ថ្ងៃទី០៣ ខែមិថុនា។ ចំណែកថ្ងៃទី០៥ ខែមិថុនា តទៅ។

ប្រាក់រង្វាន់នៅក្នុងពានរង្វាន់នេះ ក្រុមជើងឯក នឹងទទួលបាន១២លានរៀល, ជើងឯករង បាន៨លានរៀល, លេខ៣ បាន៤លានរៀល និងលេខ៤ បាន២លានរៀល បូកជាមួយរង្វាន់អាជ្ញាកណ្ដាលល្អ បាន ១លានរៀល, ក្រុមលេងដែលមានភាពយុត្តិធម៌ ( FAIR Play ) ១លានរៀល, អ្នកចាំទីល្អ ១លានរៀល និងកីឡាករទាត់ចូលទីច្រើនជាងគេ ១លានរៀល។

សូមបញ្ជាក់ថាគោលបំណង នៃការបង្កើតពានរង្វាន់នេះឡើង ទាំងក្លឹប ក៏ដូចជាម្ចាស់ឧបត្ថម្ភ គឺដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាផ្ដល់ឱកាសដល់យុវជនក្មេងៗនៅតាមបណ្ដាខេត្តបង្ហាញសមត្ថភាព ជាគោលដៅដើម្បីកីឡាអាស៊ីអាគ្នេយ៍ ២០២៣ ដែលកម្ពុជា ជាម្ចាស់ផ្ទះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់