ទើបតែ៥សប្ដាហ៍ ភ្នំពេញក្រោន បាត់បង់កីឡាករបរទេស ៣នាក់សុទ្ធតែមកពីបញ្ហារបួស

មាស សុផាណារ៉ុង April 30, 2019


 

ភ្នំពេញ៖  ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានជូនដំណឹងថា ខ្សែការពារសញ្ជាតិប្រេស៊ីល កីឡាករ Jhonata Sant’anna Da Silva បន្ទាប់ពីរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីពេលថ្មីៗ ក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង។

អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះ បានជូនដំណឹងលើប្រព័ន្ធផ្សព្វផ្សាយខ្លួនថា «ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា កីឡាករ Jhonata Sant’anna Da Silva ដែលជាខ្សែការពារកណ្តាលរបស់យើងបានសម្រេចបញ្ចប់កុងត្រារបស់ខ្លួនជាមួយក្លឹបក្រោយកីឡាកររូបនេះមានបញ្ហារបួសធ្ងន់ធ្ងរលើជង្គង់របស់ខ្លួនក្រោយការប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងនាពេលកន្លងមក ដែលជាមូលហេតុធ្វើឲ្យរូបគេមានការឈឺចាប់ខ្លាំង និងអាក់ខានមិនអាចចូលលេងក្នុងទីលានក្នុងរយពេលពី៦ ទៅ៨ខែ។»

Sant’anna Da Silva បានក្លាយជាកីឡាករបរទេសទី៣ ហើយដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រេចបញ្ចប់កុងត្រាដោយសារបញ្ហារបួស ទាំងដែលការប្រកួតទើបតែចាប់ផ្ដើមបានប៉ុន្មានប្រកួត បន្ទាប់ពីកីឡាករសញ្ជាតិកូរ៉េខាងត្បូង Tae Woong Kim ( តាំងពីមុនលីគចាប់ផ្ដើម ដោយសារបញ្ហារបួស ) និងកីឡាករ Darlan Martins ( បញ្ចប់កិច្ចសន្យាកាលពីសប្ដាហ៍ទី២ ដោយសារបញ្ហារបួសដូចគ្នា )។

បច្ចុប្បន្នក្លឹប មានកីឡាករបរទេសតែ ៣នាក់ប៉ុណ្ណោះ ពោលគឺកីឡាករប្រេស៊ីល Paulo Victor, Leonardo Oliveira និងកីឡាករជប៉ុន Shuhei Mitsuhashi។ ខណៈនេះ ភ្នំពេញក្រោន មិនអាចនាំចូលកីឡាករថ្មីមកជំនួសបានឡើយ គ្រាដែលទីផ្សារដោះដូរកីឡាករបានបិទរួចទៅហើយ ក្លឹបនេះត្រូវរង់ចាំរហូតដល់ជើងទី២ ទើបអាចនាំចូលបាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់