គ្រូអង្គរថាយហ្គឺរ ថាទោះមិនមានឱកាសឈ្នះជើងឯក តែនឹងព្យាយាមធ្វើឲ្យក្រុមខ្លាំងៗពិបាក ពេលតតាំងជាមួយ

មាស សុផាណារ៉ុង April 29, 2019


 

សៀមរាប៖ ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ កាលពីម្សិលមិញបានយក​ឈ្នះ​ក្រុម​ខ្លាំង ​វិសាខា ដោយ​លទ្ធផល ​២​ទល់​១ ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី៥ លើ​ទឹក​ដីអង្គរ ខេត្ត​សៀមរាប ក្រោមក្រសែភ្នែកទស្សនិកជន ៤៣៧៧នាក់ ជាការរាំងដំណើររបស់ខ្លួនជាលើកទី៥ ពីការរងបរាជ័យក្នុងលីគ។

ក្រោយទទួលជ័យជម្នះដែលពុំសូវមានការរំពឹងទុក លោក Oriol Mohedano គ្រូបង្វឹកនៃក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានលើកឡើងថា រដូវកាល២០១៩នេះ ទោះបីជាក្រុមមិនមានឱកាសឈ្នះជើងឯក តែនឹងព្យាយាមធ្វើឲ្យក្រុមខ្លាំងៗពិបាក ពេលតតាំងជាមួយក្រុមរបស់ខ្លួន។

ឆ្លើយតបបែបនេះ គឺបន្ទាប់ពីទទួលបានសំណួរដែលចោទសួរអំពី «ភាពមិនទាន់ស្គាល់ពាក្យថាចាញ់ បាននឹងកំពុងបន្ត៥ប្រកួតជាប់ៗគ្នា សម្រាប់អង្គរថាយហ្គឺរ ដូច្នេះតើលោកមានក្ដីរំពឹងបែបណាជុំវិញការប្រជែងជើងឯក?» លោក Oriol Mohedano បានឆ្លើយតបយ៉ាងដូច្នេះថា៖ «គ្មាននរណាម្នាក់ដឹងថាក្រុមមួយណានឹងឈ្នះជើងឯកនោះទេសម្រាប់រដូវកាលនេះ ដូច្នេះការគិតរបស់ខ្ញុំគឺនឹង ឬក៏ឈ្នះជើងឯក បើមិនដូច្នេះទេធ្វើយ៉ាងណាព្យាយាមធ្វើឲ្យក្រុមដែលប្រជែងលីគ ពិបាកពេលប្រកួតតតាំងជាមួយ។»

ជុំវិញជ័យជម្នះលើក្រុមខ្លាំង វិសាខា វិញ គ្រូបង្វឹកសញ្ជាតិអេស៉្បាញដដែលរូបនេះបានបន្តថា៖ «ខ្ញុំពិតជារីករាយដែលយើងបានបន្តធ្វើរឿងដ៏អស្ចារ្យនៅរដថូវកាលនេះ ជាមួយនឹងស្មារតីប្រយុទ្ធដ៏ឆន្ទះខ្ពស់ដើម្បីដណ្ដើម ៣ពិន្ទុពីក្រុមដែលកំពុងមានអំណាច វិសាខា។»

លោកបានបន្តថា៖ «ការយល់ច្បាស់ពីអ្វីដែលគូប្រកួតគឺពិតជាសំខាន់ ហើយវិសាខា គឺជាក្រុមមួយក្នុងចំណោមជាក្រុមដែល “អាចឈ្នះ” ដូច្នេះយើងត្រូវតែប្រយ័ត្នសម្រាប់រឿងនេះ ហើយត្រូវតែមានទំនុកចិត្តលើប្រព័ន្ធប្រយុទ្ធ គុណភាពនៃការវាយលុក និងការរកគ្រាប់បាល់ ( គោលការណ៍ ការការពារល្អ ការប្រយុទ្ធកាន់តែប្រសើរ )។» 

ក្រោយបន្ថែម ៣ពិន្ទុកាលពីម្សិលមិញ អង្គរថាយហ្គឺរ បានឡើងទៅឈរលេខ ៣ និងមាន ១១ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួតឈ្នះ៣ និងស្មើ២ ពុំដែលស្គាល់ពាក្យថាចាញ់ឡើយ។ សប្ដាហ៍ក្រោយ នឹងត្រូវជួបក្រុមពុំដែលស្គាល់ពាក្យថាចាញ់ដូចគ្នា ព្រះខ័នរាជស្វាយរៀង សម្រាប់សប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា រដូវកាល២០១៩៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់