លោក Conor នៅតែមានមោទកភាព ដ្បិតនាំព្រះខ័នរាជស្វាយរៀង ឈ្នះអគ្គិសនីកម្ពុជា ត្រឹម ១-០

មាស សុផាណារ៉ុង April 29, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញនូវមោទកភាព ចំពោះកូនក្រុមជាខ្លាំង ក្រោយយកឈ្នះក្រុមអគ្គិសនីកម្ពុជា (EDC) ១-០ ពិសេសលោកសប្បាយចិត្ត ដែលកីឡាករវ័យក្មេងរបស់ខ្លួនធ្វើបានល្អ មិនអោយលោកខកបំណងក្នុងការប្រកួតនេះ។

គ្រូបង្វឹកសញ្ជាតិអៀកឡង់រូបនេះ និយាយថា «ថ្វីត្បិតឈ្នះក្រុមអគ្គិសនីកម្ពុជាត្រឹម ១-០ តែពួកយើងបានយកឈ្នះក្រុមភ្នំពេញក្រោនដល់ទៅ ៥-១ តែពួកយើងសុទ្ធតែសប្បាយចិត្ត ក្នុងនាមជាគ្រូ ដែលទទួលបាន ៣ពិន្ទុ។ ពិសេសយើងនៅមានមោទកភាព ព្រោះយើងបានផ្ដល់ឱកាសដល់កីឡាករក្មេងៗមួយចំនួន និងការលេងជាក្រុមបានល្អ»។

លោកបន្ដថា «បើសិនក្មេងៗ គាត់អាចលេងបាន គាត់ត្រូវតែលេង មិនអាចថា មិនអោយគាត់លេង ដោយសារគាត់ក្មេងទេ សំខាន់ពួកគាត់អាចចូលរួមលេងបាន។ ថ្ងៃនេះ ពួកគាត់ខិតខំប្រឹងប្រែងខ្លាំងណាស់ ដូចយើងបានឃើញសមត្ថភាពរបស់គាត់ ដូច្នេះខ្ញុំរើសពួកគាត់ មិនផ្ដោតលើអាយុទេ ជាស្ដង់ដារ គឺខ្ញុំរើសទៅលើការខំប្រឹង។ និយាយជារួម គ្រូបង្វឹកពូកែ ក៏ដោយសារមានកីឡាករពូកែដែរ»។

គួរដឹងថា សម្រាប់ដើមរដូវកាលថ្មីនេះ ក្រុមព្រះខ័នរាជស្វាយរៀង បាននឹងកំពុងបង្កភាពភ្ញាក់ផ្អើលជាខ្លាំង បើធៀបនឹងរដូវកាលមុន ដែលដឹកនាំដោយលោក Conor Nestor ដូចគ្នា ដោយ ៥ប្រកួត ពួកគេមិនទាន់ស្គាល់ចាញ់ ឬស្មើនោះទេ គឺឈ្នះទាំង ៥ប្រកួតមាន ១៥ពិន្ទុពេញ ដើម្បីឈរកំពូលតារាង ដោយបង្កើនគម្លាតពិន្ទុពីក្រុមគូប្រជែងដល់ទៅ ៣ពិន្ទុឯណោះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់