MCL៖ សង្ខេបពីការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥

មាស សុផាណារ៉ុង April 29, 2019


 

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា (MCL) ឆ្នាំ២០១៩ បានបញ្ចប់សប្ដាហ៍ទី៥ ហើយ គ្រាដែលក្រុមខ្លាំងចំនួន២ បានរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ រួមមានក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអង្គរថាយហ្គឺរ។ ចំណែកក្រុមភ្នំពេញក្រោន ស្គាល់ឈ្នះក្នុងដីលើកដំបូង នៅកីឡដ្ឋាន Smart RSN យប់មិញ។

ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះទាំងប្រផិតប្រផើយលើក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ១-០ ហើយ ១គ្រាប់ធ្វើឲ្យក្រុមលោក Conor Nestor ទទួលបាន ៣ពិន្ទុ គឺធ្វើសម្រេចដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៤៩។ នេះគឺជ័យជម្នះលើកទី៥ របស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលនាំឲ្យពួកគេមាន ១៥ពិន្ទុពេញ ដើម្បីរក្សាកៅអីកំពូលតារាងបណ្ដោះអាសន្ន។

ចំពោះក្រុមអង្គរថាយហ្គឺរ បានធ្វើឲ្យអ្នកគាំទ្រកាន់តែជឿជាក់ ក្រោយយកឈ្នះក្រុមខ្លាំង វិសាខា ២-១។ គ្រាប់បាល់ កើតឡើងក្នុងជំនួបដ៏កក្រើកនេះ សុទ្ធតែរកបានដោយកីឡាករជប៉ុន រួមមាន ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ធ្វើសម្រេចដោយកីឡាករ Ogawa និង ១គ្រាប់របស់វិសាខា រកបានដោយកីឡាករ IDEGUCHI។ ក្រោយបន្ថែម ៣ពិន្ទុនេះ អង្គរថាយហ្គឺរ បានឡើងទៅឈរលេខ ៣ និងមាន ១១ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួតឈ្នះ៣ និងស្មើ២។

រីឯក្រុមភ្នំពេញក្រោន ក្រោយរងបរាជ័យផ្ទួនៗ ពិសេសមិនទាន់រកបានពិន្ទុពីការប្រកួតក្នុងដី ពេលនេះពួកគេធ្វើបានសម្រេច ក្រោយយកឈ្នះក្រុមអាស៊ីអឺរ៉ុប ១-០ ពីការធ្វើសម្រេចដោយកីឡាករ Paulo Victor នៅនាទី៨៤។

នេះគឺជ័យជម្នះក្នុងដីលើកដំបូង បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតមុន រួមមានចាញ់ក្រុមបឹងកេត ២-៣ និងចាញ់ក្រុមវិសាខា ១-៣ ក្នុងដី ហើយឈ្នះក្រុមយុវជន U-18 បាទី ២-០ តែចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៥-១ ក្រៅដី។

ដោយឡែកលទ្ធផលប្រកួតសប្ដាហ៍ទី៥ ចំនួន ៤គូផ្សេងទៀត រួមមានក្រុមក្រសួងការពារជាតិ ស្គាល់ពាក្យថាចាញ់លើកដំបូងក្នុងលីគ រដូវកាល២០១៩ ក្រោមថ្វីជើងក្រុមបឹងកេត ២-០។ ណាហ្គាវើល យកឈ្នះក្រុម គិរីវង់សុខសែនជ័យ ៣-១ ឡើងទៅឈរលេខ២ និងមាន ១២ពិន្ទុក្នុងដៃ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ស្មើជាមួយ សូលទីឡូអង្គរ ២-២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ( សូលទីឡូអង្គរ ជាក្រុមតែមួយគត់នាពេលបច្ចុប្បន្នដែលមិនទាន់ស្គាល់ពាក្យថាឈ្នះ ) និងក្រុមយុវជន U-18 បាទី រកបាន ៣ពិន្ទុដំបូង ក្រោយឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តកំពង់ចាម ៣-០៕

 

អត្ថបទ៖ បុត្រា

មតិយោបល់