ប៉ាគីស្ថាន កោះហៅកីឡាករ៣២នាក់ ត្រៀមប្រមូលផ្ដុំដើមខែ៥ មុនមិនទាន់ប្រាកដថាអាចតតាំងជាមួយ កម្ពុជា

មាស សុផាណារ៉ុង April 27, 2019


 

ប៉ាគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ដែលត្រូវតតាំងជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់វគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification AFC ) ប្រចាំទ្វីបអាស៊ី បានបង្ហាញបញ្ចីឈ្មោះកីឡាករត្រៀមប្រមូលផ្ដុំហ្វឹកហាត់ចំនួន ៣២នាក់ តែងដែលមិនទាន់ច្បាស់ថានឹងអាចប្រកួតជាមួយ កម្ពុជា ឬក៏យ៉ាងណា។

លិខិតរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ដែលបានចេញកាលពីថ្ងៃទី២៦ ខែមេសា បានធ្វើការបង្ហាញពីការកោះហៅកីឡាករ ៣២រូបដើម្បីចូលជំរំហ្វឹកហាត់ ពីថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ពោលគឺរយៈពេល១ខែ និងមុនការប្រកួតផ្លូវការមកដល់ ៣ថ្ងៃ។

បញ្ជីឈ្មោះកីឡាករទាំង៣២រូប ភាគច្រើនគឺប្រកបអាជីពនៅលីគកំពូលប៉ាគីស្ថានផ្ទាល់តែម្ដង រួមមាន៖

  • អ្នកចាំទី: Saqib Hanif (SSGC), Ahsanullah (SSGC), Tanvir Mumtaz (KRL), Mohammad Fahim (Muslim FC), Sumair (PCAA, late added)
  • ខ្សែការពារ: Umar Hayat (WAPDA), Arslan Ali (KRL), Naved Ahmed (Navy), Mehdi Hassan (PAF), Ali Khan Niazi (K-Electric), Mohammad Shahid (KRL), Waseem Asghar (PCAA), Mohammad Bilal (WAPDA)
  • ខ្សែបម្រើ: Umair Ali (KRL), Mehmood Khan (SSGC), Saddam Hussain (SSGC), Zain-ul-Abdeen (K-Electric), Rajab Ali (KRL), Zaid Umar (KRL), Ali Uzair (WAPDA), Habib-ur-Rehman (SSGC), Mohammad Riaz (K-Electric), Izharullah (KRL)
  • ខ្សែបម្រើ: Raziq (SSGC), Mansoor Khan (PAF), Yousuf Ahmed (KRL), Ahmed Fahim (WAPDA), Mohammad Naeem (PCAA), Shehzad (PCAA), Iftikhar (KRL), Sohail (PCAA), Sadullah (SSGC), Kaleemullah (Najaf FC, Iraq).

យ៉ាងណាមិញការកោះហៅនេះត្រូវបានដឹងលឺតែមួយផ្នែកប៉ុណ្ណោះ ត្បិតសហព័ន្ធនៃប្រទេសមួយនេះ កំពុងមានបញ្ហាចម្រូងចម្រាសផ្ទៃក្នុង ជុំវិញអំណាចនៃការគ្រប់គ្រង ដោយមានប្រធានសហព័ន្ធដល់ទៅ២រូប ពោលគឺបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានថ្មី និងសុពលភាពនៃការបោះឆ្នោតនៅតែជាសំនួរមួយដែល FIFA បានដាក់ឡើង នៅពេលដែលការបោះឆ្នោតស្ថិតនៅក្រោមស្ថាប័នតុលាការ។

** ច្បាប់របស់ FIFA គឺមានភាពតឹងតែងក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាល ចូលទៅក្នុងកិច្ចការកីឡាបាល់ទាត់ ឬអាចនិយាយបានថា បាល់ទាត់ គឺមិនត្រូវស្ថិតនៅក្រោម នយោបាយ ឡើយ។

មានសេចក្ដីរាយការណ៍បន្ថែមថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) និង សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) គ្រោងនឹងទៅប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែឧសភា ខាងមុខដើម្បីជួបជាមួយភាគីទាំងអស់ដែលពាក់ព័ន្ធ និងស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះ។

បើមិនមានអ្វីប្រែប្រួល ក្រុមជម្រើសជាតិប៉ាគីស្ថាន នឹងមានពេលហ្វឹកហាត់រយៈពេល ១ខែ មុនជួបកម្ពុជា នៅជើងទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា លើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់មកទឹកដីប៉ាគីស្ថាន វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification AFC ) ប្រចាំទ្វីបអាស៊ី។

គួរំលឹកផងដែរថា យោងតាមលទ្ធផលនៃការចាប់ឆ្នោតពានដដែលនេះ កាលពីថ្ងៃទី១៧ ខែមេសា នាប្រទេសម៉ាឡេស៊ី កម្ពុជា ដែលស្ថិតនៅប្រអប់ទី១ ត្រូវបានចាប់ឆ្នោតប៉ះក្រុមដែលមានចន្លោះចំណាត់ថ្នាក់ពី៤២ ដល់៤៦ ( ចំណាត់ថ្នាក់ប្រចាំទ្វីប ) រវាង បង់ក្លាដេស, ហ្គោម, ព្រុយណេ, ទីម័រខាងកើត, ប៉ាគីស្ថាន និងស្រីលង្គារ ទីបំផុតលទ្ធផលនៃការចាប់ឆ្នោត កម្ពុជា ត្រូវប៉ះ ក្រុមមកពីតំបន់អាស៊ីភាគខាងត្បូង ពោលគឺជម្រើសជាតិប៉ាគីស្ថាន សម្រាប់វគ្គជម្រុះជុំទី១៕

 

រូបភាព៖ FootballPakistan.Com (FPDC)

អត្ថបទ៖ ណារ៉ុង

មតិយោបល់