អង្គរថាយហ្គឺរ បន្ដរៀបចំកម្មវិធីពិសេសមួយ ក្នុងការត្រៀមបើកទ្វារផ្ទះទទួលវិសាខាចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង April 26, 2019


 

សៀមរាប៖ ស្របពេលក្លឹបអង្គរថាយហ្គឺរ កំពុងត្រៀមបើកទ្វារកីឡដ្ឋានខេត្តសៀមរាប ទទួលក្លឹបវិសាខា ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥ ក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានប្រកាសរៀបចំបន្ដកម្មវិធីពិសេសមួយ ដើម្បីរួមចំណែកជួយដល់ការងារសង្គម គឺកម្មវិធី “បាល់ទាត់ នៃក្ដីសង្ឃឹម”។

កម្មវិធីបាល់ទាត់នៃក្ដីសង្ឃឹម គឺជាចំណែកមួយរបស់ក្លឹបអង្គរថាយហ្គឺរ ដើម្បីចូលរួមជាមួយការងារសង្គម ជាក់ស្ដែង សម្រាប់ការត្រៀមបើកទ្វារផ្ទះទទួលក្រុមវិសាខាចុងសប្ដាហ៍នេះ អង្គរថាយហ្គឺរ បានអំពាវនាវដល់បងប្អូនអ្នកគាំទ្រ ដែលមានបំណងជួយដល់មន្ទីរពេទ្យកុមារអង្គរ គឺអាចបរិច្ចាគ តាមរយៈប្រអប់បរិច្ចាគ ដែលក្លឹបបានរៀបចំ នៅកីឡដ្ឋានខេត្តសៀមរាបបាន។

ក្លឹបមិនទាន់ស្គាល់ចាញ់ ក្នុងចំណោម ៤ប្រកួតនាដើមរដូវកាលថ្មីនេះ បានបង្ហោះលើបណ្ដេញសង្គមរបស់ខ្លួនថា «បាល់ទាត់ នៃក្ដីសង្ឃឹម-Football For Hoped ។ អ្នកអាចចូលរួមបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរ តាមរយ:ប្រអប់បរិច្ចាគ ដែលមាននៅកីឡដ្ឋាន ខេត្តសៀមរាប ក្នុងការប្រកួតជាមួយក្លឹបវិសាខា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។»

គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌របស់ក្លឹបដឹកនាំដោយជនជាតិជប៉ុននេះ មិនមែនមានតែក្នុងការប្រកួតជាមួយក្លឹបវិសាខានោះទេ ពោលគឺរាល់ការប្រកួតក្នុងដី នៅកីឡដ្ឋានខេត្តសៀមរាប ក្លឹបអង្គរថាយហ្គឺរ បានប្រកាសនឹងរៀបចំជាបន្ដបន្ទាប់ ដើម្បីស្វែងរកមូលនិធិ សម្រាប់បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប៕

 

អត្ថបទ៖ បុត្រា

មតិយោបល់