ពាន Hun Sen Cup-ថ្នាក់ខេត្ត បញ្ចប់វគ្គ ១៦ក្រុមចុងក្រោយ តែក្រុមភ្ញៀវចាញ់ទាំងអស់

មាស សុផាណារ៉ុង April 26, 2019


 

ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ខេត្ត រដូវកាលទី១៣ បានបញ្ចប់ការប្រកួតជម្រុះវគ្គ ១៦ក្រុមចុងក្រោយហើយ តែក្រុមឡើងវគ្គបន្ដ សុទ្ធតែជាក្រុមម្ចាស់ផ្ទះ ពុំមានខេត្តណាមួយ អាចបំបែកកំណត់ត្រាឈ្នះ ក្នុងនាមជាក្រុមភ្ញៀវសោះឡើយ។

សម្រាប់បេក្ខភាព ២ក្រុមចុងក្រោយ ដែលទើបដណ្ដើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយ តាមរយៈជ័យជម្នះកាលពីម្សិលមិញ រួមមានខេត្តកោះកុង និងខេត្តរតនៈគិរី។

ខេត្តកោះកុង បានយកឈ្នះក្រុមភ្ញៀវខេត្តស្វាយរៀង ៣-២ ដោយគ្រាប់បាល់ជ័យជម្នះពួកគេ សុទ្ធតែកើតឡើងនៅតង់ទី១ ផ្ទុយពីខេត្តរតនៈគិរី បានវាយបកឈ្នះខេត្តតាកែវ ៣-១ នៅតង់ទី២ បន្ទាប់ពីតង់ទី១ ក្រុមភ្ញៀវខេត្តតាកែវ នាំមុខមុន ១-០។

ចំពោះបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ ៦ក្រុមផ្សេងទៀត រួមមានខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តកែប ខេត្តកំពង់ធំ ខេត្តកំពត និងខេត្តត្បូងឃ្មុំ ដែលសុទ្ធតែបានយកឈ្នះគូប្រជែងក្នុងដីរៀងៗខ្លួន។

ប៉ុន្ដែកម្មវិធីវគ្គបន្ដ ត្រូវចាំអ៊ុតលទ្ធផលចាប់គូប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដែលនឹងរៀបចំកម្មវិធីចាប់គូនាពេលឆាប់ៗខាងមុខ។ រីឯកម្មវិធីប្រកួត នឹងធ្វើឡើង ២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែឧសភាខាងមុខ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់