កម្ពុជា ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ វគ្គជម្រុះយុវជនប្រចាំទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ជាលើកទី២

មាស សុផាណារ៉ុង April 25, 2019


 

អាស៊ី៖ យោងតាមការជូនដំណឹងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរៀបចំការប្រកួតវគ្គជម្រុះយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ ( 2020 AFC U-19 Championship ) សម្រាប់កៅអីទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២០ នៅប្រទេសជប៉ុន។

ការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានបញ្ជាក់ថា កម្ពុជា រួមជាមួយប្រទេសចំនួន ៤ផ្សេងទៀតនឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតពានយុវជនអាយុក្រោម១៩ឆ្នាំ ប្រចាំទ្វីបមួយនេះ ប្រចាំតំបន់អាស៊ីភាគខាងកើត រួមមាន កម្ពុជា, ឆាយនីតៃប៊ិ, មីយ៉ាន់ម៉ា, វៀតណាម និងមួយប្រទេសទៀតពុំទាន់បង្ហាញឲ្យដឹងនៅឡើយដើម្បីត្រៀមប្រកួតជាមួយនឹងសមាជិកដែលមាន ២១ប្រទេសចូលរួម។

សូមបញ្ជាក់ថា ២១ ប្រទេសដែលចូលរួមនេះនឹងត្រូវបែងចែកចេញជា ៥ពូល ក្នុងនោះមាន៤ពូល មាន៤ក្រុម និង១ពូលទៀតមាន ៥ក្រុម យោងទៅតាមការចាប់ឆ្នោត។ ភាគខាងលិច វិញនឹងមាន២៥ប្រទេសចូលរួមប្រកួត ដោយបែងចែកចេញ ៦ពូល ក្នុងនោះមាន៥ពូល មាន៤ក្រុម និង១ពូលទៀតមាន ៥ក្រុម។

ពុំទាន់មានការបញ្ជាក់ច្បាស់លាស់អំពីកាលបរិច្ឆេទនៃការប្រកួតនៅឡើយ ដូចគ្នាផងដែរនូវការចាប់ឆ្នោតបែងចែកពូល ប៉ុន្តែតាមគម្រោងពានរង្វាន់ដដែលនេះ តែងតែធ្វើឡើងនៅអំឡុងខែតុលា ខណៈការចាប់ឆ្នោតធ្វើនៅពាក់កណ្ដាលឆ្នាំ មុននឹងបន្តដំណើរការជុំផ្ដាច់ព្រ័ត្រនៅឆ្នាំ២០២០ នៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដដែលនេះ កម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះម្ដងផងដែរ កាលពីឆ្នាំ២០១៧ ដោយកាលនោះស្ថិតនៅពូល G ជាមួយចិន, មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពូល និងស្ទើរតែមានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ២ល្អ ប៉ុន្តែមានលក្ខខណ្ឌប្រៀបធៀបតិចជាង U-19 ម៉ាឡេស៊ី ដែលជាបេក្ខភាពត្រូវប្រជែងនៅពេលនោះ ដោយមានពិន្ទុស្មើគ្នា គ្រាប់បាល់ស្មើគ្នា តែចាញ់ត្រង់គ្រាប់ទាត់បញ្ចូលទី៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់