ត្បូងឃ្មុំ កំពត និងកំពង់ធំ បន្ដឡើងវគ្គ ១/៤ ពាន Hun Sen Cup – ថ្នាក់ខេត្ត

មាស សុផាណារ៉ុង April 25, 2019


 

ភ្នំពេញ៖ ការប្រកួតជម្រុះវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) – ថ្នាក់ខេត្ត រដូវកាលទី១៣ បានបញ្ចប់ ៣ប្រកួតទៀតហើយ លើទីលានចំនួន ៣ផ្សេងៗគ្នា កាលពីម្សិលមិញ ដោយក្រុមម្ចាស់ផ្ទះ សុទ្ធតែទទួលបានជ័យជម្នះ នឹងបន្ដដំណើរទៅវគ្គ ៨ក្រុមចុងក្រោយ (១/៤) រួមមានខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តកំពង់ធំ។

ចំពោះខេត្តត្បូងឃ្មុំ បានយកឈ្នះ ខេត្តពោធិ៍សាត់ ទាំងប្រផិតប្រផើយលើទឹកដីរបស់ខ្លួន ក្នុងលទ្ធផល ២-១។ ការប្រកួតដ៏តឹងតែងនេះ ក្រុមម្ចាស់ផ្ទះត្បូងឃ្មុំ បានបំប៉ោងសំណាញ់ក្រុមភ្ញៀវ ១គ្រាប់មុននៅតង់ទី១។ បន្ទាប់មកការប្រកួត បានបន្ដជិតចប់តង់ទី២ ទើបមានគ្រាប់បាល់កើតឡើងជាថ្មី ពោលគឺកីឡាករ វណ្ណនី រកបានគ្រាប់បាល់ទី២ ឲ្យខេត្តត្បូងឃ្មុំ និងកីឡាករ វង្ស ស៊ីម រកបាន ១គ្រាប់ឲ្យក្រុមខេត្តពោធិ៍សាត់ ក្នុងម៉ោងបន្ថែម ៣នាទីចុងក្រោយ។ តែយ៉ាងណា ពោធិ៍សាត់ បានត្រឹមសោកស្ដាយ ក្រោយចាញ់ត្បូងឃ្មុំត្រឹម ២-១ តែម្តង។

ឯខេត្តកំពត បានយកឈ្នះខេត្តមណ្ឌលគិរី ៣-០ នៅកីឡដ្ឋានខេត្តកំពត មិនឲ្យតដៃរួចនោះទេ ក្នុងនោះមាន ២គ្រាប់បានកើតឡើងនៅតង់ទី១ និង ១គ្រាប់ទៀត កើតឡើងនៅតង់ទី២។ ចំណែកក្រុមជម្រើសខេត្តកំពង់ធំ បានទម្លាក់ខេត្តព្រះវិហារ ក្រោយយកឈ្នះ ២-០ នៅលើទឹកដីរបស់ខ្លួន។

ជ័យជម្នះនេះ បានធ្វើឲ្យខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តកំពង់ធំ ឡើងទៅឈរចាំនៅវគ្គ ៨ក្រុមចុងក្រោយជាមួយក្រុមខ្លាំង ៣ក្រុមទៀត រួមមានខេត្តសៀមរាប ខេត្តកែប និងខេត្តព្រៃវែង ដែលបានឡើងកាលពីម្សិលមិញ។

ដោយឡែកនៅរសៀលថ្ងៃទី២៥ ខែមេសានេះ នឹងមានការប្រកួតបញ្ចប់វគ្គជម្រុះ ១៦ក្រុមចុងក្រោយ ២ប្រកួតទៀត ពោលគឺខេត្តកោះកុង ត្រូវបើកទ្វារផ្ទះទទួលខេត្តស្វាយរៀង និងខេត្តរតនៈគិរី ប៉ះខេត្តតាកែវ នៅកីឡដ្ឋានខេត្តរតនៈគិរី៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់