រ៉ឹង ប៊ុនហៀង បង្ខំចិត្តលេងខ្សែការពារ ត្រៀមទប់បឹងកេតចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង April 25, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធស្នួលរបស់ក្រុមក្រសួងការពារជាតិ រ៉ឹង ប៊ុនហៀង ត្រូវបានគ្រូបង្វឹកលោក ភា សុភ័ក្ដ្រា បង្ខំចិត្ត ដាក់ឲ្យលេងជាខ្សែការពារវិញ ដើម្បីត្រៀមទប់ទល់ជាមួយក្រុមបឹងកេត ដែលត្រូវជួបគ្នាក្នុងសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានស្ដាតចាស់ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

រ៉ឹង ប៊ុនហៀង បានបង្ហាញវត្តមាន ៩០នាទីពេញជាមួយតំណែងខ្សែការពារ អំឡុងពេលក្រុមក្រសួងការពារជាតិ បានប្រកួតឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ៤-២ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ហើយលោក ភា សុភ័ក្ដ្រា ថាការប្ដូរតួនាទីលេងរបស់ ប៊ុនហៀង ពីខ្សែប្រយុទ្ធ មកការពារនេះ គឺជាការបង្ខំចិត្ត ដ្បិតលោកចង់សាកល្បង ដើម្បីត្រៀមការប្រកួតបន្ទាប់ ដែលត្រូវបើកទ្វារផ្ទះទទួលក្រុមក្រុមបឹងកេតចុងសប្ដាហ៍នេះ។

លោកថា «ការប្រកួតនេះដែរ (ជួបក្រុមប៉ូលិស) ខ្ញុំត្រឡប់ទៅ ដើម្បីត្រៀមជួបបឹងកេត ពីព្រោះយើងចាប់ផ្ដើមយក រ៉ឹង ប៊ុនហៀង មកដាក់ខាងក្រោមវិញ។ កាលពិតទៅ ខ្ញុំដឹងថា រ៉ឹង ប៊ុនហៀង គាត់អត់សូវសប្បាយចិត្ត ព្រោះគាត់កំពុងព្យាយាមអភិវឌ្ឍន៍សមត្ថភាពជាមួយការប្រយុទ្ធ។ ប៉ុន្ដែយ៉ាងណា នេះគឺជាការបង្ខំចិត្ត តែក៏ជាការស្ម័គ្រចិត្តរបស់គាត់ដែរ ដែលសម្រេចចិត្តតាមការរៀបចំរបស់ខ្ញុំ ហើយពេលប្រកួតជាមួយបឹងកេត យើងនឹងពង្រឹងខ្សែការពារបន្ថែម។»

បន្ថែមលើនេះ លោកបានពន្យល់ថា មូលហេតុដាក់ឲ្យប្រធានក្រុមក្រសួងការពារជាតិ លេងការពារដូច្នេះ ព្រោះបឹងកេត គឺជាក្រុមមានគុណភាពខ្ពស់ក្នុងការបញ្ចប់ទី។ លោកបន្ដថា «បឹងកេត នៅតែខ្លាំង ចំពោះតំបន់ប្រយុទ្ធរបស់គេដដែល ព្រោះមានកីឡាករមានពិសោធន៍ និងល្បឿនលឿន ពិសេសកីឡាករបរទេស ដែលចំណុចពិសេសយើងត្រូវបង្កើនការចាប់អារម្មណ៍។ អញ្ចឹងយើងក៏ត្រូវពង្រឹងការការពារ និងបង្កើនការវាយបកឲ្យបានលឿនផងដែរ»។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតចុងសប្ដាហ៍នេះវិញ បឹងកេត និងក្រសួងការពារជាតិ គឺជាគូប្រជែងដ៏សំខាន់មួយ ដែលអ្នកគាំទ្រ ពុំអាចស្មានលទ្ធផលទុកមុនបានឡើយ ជាក់ស្ដែងកាលពីរដូវកាលមុន ក្រុមទាំងពីរ បានសងសឹកគ្នាទៅវិញទៅមក ជាមួយការឈ្នះម្ដងម្នាក់ ដោយលទ្ធផល ២-០ ដូចគ្នា។ ហេតុនេះ គេរំពឹងថា ការជួបគ្នាជើងទី១ នារដូវកាលថ្មីនេះ នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់