គ្រូបឹងកេត ពេញចិត្តការបាន ៧គ្រាប់ពីម្ចាស់ផ្ទះ កំពង់ចាម

នូ មករា April 24, 2019


 

ភ្នំពេញ៖ ទោះបីមិនអាចបំប៉ោងសំណាញ់ទីខេត្តកំពង់ចាម បានច្រើនគ្រាប់(១១គ្រាប់) ដូចក្រុមអង្គរថាយហ្គឺរ និងក្រសួងការពារជាតិ ប៉ុន្តែលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានបង្ហាញការពេញចិត្ត ចំពោះជ័យជម្នះ ៧-០ លើក្រុមចំណូលថ្មី ខេត្តកំពង់ចាម ក្នុងជំនួបសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ។

លោក ហៅ សុជាតិ បានថ្លែងក្រោយចប់ការប្រកួតថា៖ «មុនពេលមកទីនេះ គឺយើងបានដាក់គោលដៅរួចហើយ ថាដើម្បីយក ៣ពិន្ទុ ហើយចំពោះគ្រាប់បាល់ច្រើនប៉ុណ្ណានោះ យើងមិនអាចប៉ាន់ស្មានបានទេ តែខ្ញុំគិតថា គ្រាប់បាល់ប៉ុណ្ណេះ គឺគ្រប់គ្រាន់ហើយ» ។ គ្រូបង្វឹករូបនេះ បានអះអាងថា មុនការប្រកួតថា ក្រៅពីចង់ឈ្នះ បឹងកេតនឹងមិនបន្ធូរដៃឡើយក្នុងការរកគ្រាប់បាល់ពីខេត្តកំពង់ចាមនោះ ។

បើក្រឡេកទៅមើលតារាងចំណាត់ថ្នាក់វិញ បច្ចុប្បន្នបឹងកេត កំពុងឈរលេខរៀងទី៦ និងមាន ៧ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួតឈ្នះ ២ ស្មើ១ និងចាញ់ ១ ។ រីឯកម្មវិធីប្រកួតជើងទី១ បន្ទាប់ គឺអតីតក្រុមជើងឯក ៣សម័យកាលនេះ ត្រូវជួបក្រុមក្រសួងការពារជាតិ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ខាងមុខ នៅកីឡដ្ឋានស្ដាតចាស់ ៕

 

រូបភាព៖ បឹងកេត
អត្ថបទ៖ បុត្រា

មតិយោបល់