Hun Sen Cup៖ សៀមរាប ព្រៃវែង និងកែប ដឹកដៃគ្នាឡើងវគ្គ ១/៤ ពានថ្នាក់ខេត្ត

មាស សុផាណារ៉ុង April 24, 2019


 

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាលទី១៣ បានដំណើរការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ខេត្តហើយ នឹងបានរកឃើញក្រុមខ្លាំង ៣ក្រុម ដណ្ដើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយផងដែរ រួមមានខេត្តសៀមរាប ព្រៃវែង និងខេត្តកែប។

ក្នុងចំណោម ៣ប្រកួតលើទីលានចំនួន ៣ផ្សេងៗគ្នា កាលពីល្ងាចមិញ គឺមាន ២ប្រកួត បានបញ្ចប់ដោយកាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី រួមមានក្រុមម្ចាស់ផ្ទះខេត្តសៀមរាប បានយកឈ្នះខេត្តកំពង់ស្ពឺ ៤-៣ និងក្រុមម្ចាស់ផ្ទះខេត្តកែប បានយកឈ្នះខេត្តបន្ទាយមានជ័យ ៤-៣ ដូចគ្នា បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ១-១ ទាំង ២ប្រកួតតែម្ដង។ ចំណែកខេត្តព្រៃវែង បានទម្លាក់ក្រុមភ្ញៀវខេត្តបាត់ដំបង ដោយលទ្ធផល ២-០។

ហេតុនេះ ក្រុមទទួលបានជ័យជម្នះកាលពីម្សិលមិញ ត្រូវឈរចាំនៅវគ្គ ៨ក្រុមចុងក្រោយ រង់ចាំគូប្រជែង ៥ក្រុមទៀត ដែលត្រូវបន្ដប្រកួតជម្រុះ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមេសានេះ ជាក់ស្ដែងថ្ងៃនេះមាន ៣គូ រួមមានខេត្តកំពត ប៉ះខេត្តមណ្ឌលគិរី, ខេត្តកំពង់ធំ ប៉ះខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ ប៉ះខេត្តពោធិ៍សាត់។ រីឯកម្មវិធីប្រកួតថ្ងៃព្រហស្បត្តិ៍វិញមាន ២គូ គឺខេត្តកោះកុង ប៉ះខេត្តស្វាយរៀង និងខេត្តរតនៈគិរី ប៉ះខេត្តតាកែវ។

ចំពោះការប្រកួតធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ហេតុនេះក្រុមទទួលបានជ័យជម្នះ នឹងទទួលបានកៅអីវគ្គបន្ដ បន្ទាប់មកទើបគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រៀបចំកម្មវិធីចាប់គូប្រកួតវគ្គ ៨ក្រុមចុងក្រោយ ៕

 

រូបភាព៖ CNCC

អត្ថបទ៖ បុត្រា

មតិយោបល់