គ្រូវិសាខា បង្ហាញសុទិដ្ឋិនិយម ក្រោយ សារី ម៉ាត់ណូរូទីន ជាពីរបួស

មាស សុផាណារ៉ុង April 23, 2019


 

ភ្នំពេញ៖ អតីតសមាជិកក្រុមណាហ្គាវើល សារី ម៉ាត់ណូរូទីន បានត្រឡប់ចូលទីលានជាថ្មី ដើម្បីជួយក្រុមថ្មី វិសាខា ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ វិញហើយ បន្ទាប់ពីជាសះស្បើយពីរបួស ១០០% នឹងធ្វើឲ្យគ្រូបង្វឹកលោក ហុក សុជីវ័ន កាន់តែមានជំនឿចិត្ត សម្រាប់ការប្រកួតក្រោយៗទៀតផង។

ម៉ាត់ណូរូទីន បានអះអាងថា ពេលនេះរបួសជង្គង់របស់ខ្លួន បានជាសះស្បើយហើយ តែកៅអីជម្រើស ១១នាក់ដំបូង នៅមិនទាន់ប្រាកដនោះទេ គឺអាស្រ័យលើការសម្រេចចិត្តដាក់ឲ្យលេងរបស់គ្រូបង្វឹក។ នេះបើតាមការបញ្ជាក់ក្រោយរូបគេ បង្ហាញខ្លួនលើកដំបូងបានជាង ១០នាទី ក្នុងការប្រកួតដែលក្រុមម្ចាស់ផ្ទះវិសាខា យកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤ទល់០ កាលពីចុងសប្ដាហ៍មុន។

ខ្សែបម្រើ-ប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះថា៖ «ប្រកួតនេះ លោកគ្រូដាក់ខ្ញុំឲ្យលេង ដើម្បីស៊ាំនឹងការប្រកួតក្រោយៗ អ៊ីចឹងខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អជាមួយការខិតខំ ដើម្បីរកឱកាសជួយក្រុម។ ខ្ញុំមានការសោកស្ដាយ ដែលរបួស ធ្វើឲ្យខកខានជួយក្រុមប៉ុន្មានប្រកួតកន្លងមក តែខ្ញុំវិលត្រឡប់មកវិញ ខ្ញុំនឹងខិតខំប្រឹងឲ្យខ្លាំង ឲ្យលើសពីសមត្ថភាពខ្ញុំដើម្បីជួយក្រុម ក៏ដូចជាការបញ្ចប់ទីយកលទ្ធផលល្អៗសម្រាប់ក្រុមរបស់ខ្ញុំ»។

ទន្ទឹមជាមួយគ្នាលោក ហុក សុជីវ័ន បានលើកឡើងថា៖ «នេះគឺជារឿងមួយ ដែលល្អសម្រាប់ក្រុម គឺយើងមានជម្រើសកាន់តែច្រើន ដែលមានគុណភាព អំឡុងពេលយើងកំពុងរៀបចំសម្រាប់ការប្រកួតខាងមុខ ដែលយើងត្រូវជួបសុទ្ធតែក្រុមមានការរៀបចំល្អដូចគ្នា ដូចជាប្រកួតក្រោយ យើងប៉ះជាមួយអង្គរថាយហ្គឺរអញ្ចឹង គឺយើងបានគាត់មកចូលរួម ដោយសារយើងបានតេស្ដគាត់ថ្ងៃនេះ ហើយយើងក៏សង្ឃឹម កែវ សុខផេង បានចូលរួម ១០០% វិញដូចគ្នា»។

បើតាមការបញ្ជាក់របស់ សារី ម៉ាត់ណូរូទីន បានឲ្យដឹងថា រូបគេបានរងរបួសសរសៃជង្គង់ អំឡុងពេលទៅបោះជំរុំហ្វឹកហាត់ជាមួយក្រុមវិសាខា នៅប្រទេសថៃ កាលពីដើមឆ្នាំ២០១៩។ បន្ទាប់មកទើបគេសម្រាកព្យាបាល និងធ្វើការហ្វឹកហាត់បណ្ដើរៗ រហូតមកទល់ពេលនេះ ទើបជាសះស្បើយ និងអាចត្រឡប់មកជួយមិត្តរួមក្រុមវិញបាន បន្ទាប់ពីឈរក្រៅទីលាន ៣ប្រកួតដំបូង ក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់