ច្រឹង ពលរដ្ឋ ថាបច្ចេកទេស និងកម្លាំងរបស់ខ្លួនស្ដារបានមកវិញ នៅរង់ចាំតែគ្រូដាក់ឲ្យចូលប្រកួត

មាស សុផាណារ៉ុង April 23, 2019


 

ភ្នំពេញ៖ សមាជិកនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិ ខ្សែបម្រើ ច្រឹង ពលរដ្ឋ បានបង្ហើបឲ្យដឹងថា បច្ចេកទេស និងកម្លាំងរបស់ខ្លួនស្ដារបានមកវិញហើយ ដោយនៅរង់ចាំតែគ្រូបង្វឹក លោក ភា សុភ័ក្ត្រា ដាក់ឲ្យចូលប្រកួតតែប៉ុណ្ណោះ។

ថ្លែងបែបនេះគឺបន្ទាប់ពីជាពីរបួស នឹងបានត្រលប់មកកាន់វាលស្មៅបាល់ទាត់ក្នុងនាមជាកីឡាករអង្គុយនៅកៅអីបម្រុង និងស្ទើរតែមានឱកាសខ្លួនសារជាថ្មីជាមួយ ក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី២១ ខែមេសា កន្លងទៅក្នុងជំនួបសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ទល់នឹង ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ។

មានយោបល់ជុំវិញរបួសរបស់ខ្លួន ច្រឹង ពលរដ្ឋ បានបញ្ជាក់ថា មកទល់ពេលនេះសមត្ថភាព ក៏ដូចជារបួសរបស់ខ្លួនបានប្រមូលមកស្ថានភាពល្អវិញ ១០០ភាគរយហើយ ជាមួយនឹងកម្លាំងជាដើមក៏នៅដដែលដូចគ្នា។ «សម្រាប់ខ្ញុំ ខ្ញុំគិតថាសមត្ថភាពរបស់ខ្ញុំ ក៏ដូចជារបួសខ្ញុំឥលូវបាន ១០០ភាគរយហើយ ខ្ញុំអាចចូលទីលានវិញបាន … ខ្ញុំគិតថាកម្លាំងរបស់ខ្ញុំនៅដដែលទាំងអស់ បើសិនជាគ្រូដាក់ឲ្យខ្ញុំលេង ខ្ញុំអាចលេងបាន។» សម្ដីរបស់ ច្រឹង ពលរដ្ឋ។

ពេលចោទសួរអំពីសមត្ថភាព ក៏ដូចជាបច្ចេកទេស នៅដដែលឬក៏យ៉ាងណានោះ? កីឡាករវ័យ២១ឆ្នាំរូបនេះ បានបន្តថា៖ «បច្ចេកទេស ហើយនឹងកម្លាំងរបស់ខ្ញុំនៅដដែលទាំងអស់ដូចខ្ញុំនិយាយអច្ចឹង ក៏ប៉ុន្តែខ្ញុំនៅមានកម្រិត មិនទាន់អាចដណ្ដើមជម្រើស ១១នាក់ដំបូង ពីមិត្តរួមក្រុម ឥលូវស្ថិតនៅបម្រុងសិន ប្រហែល ១ប្រកួត ទៅ២ប្រកួត យើងអាចស៊ាំនឹងស្មៅវិញ យើងអាចចូលលេងធម្មតាវិញបាន។»

គួរដឹងដែរថា ច្រឹង ពលរដ្ឋ ដោយបានរងរបួសសសៃជើងខាងស្ដាំ កាលពីអំឡុងឆ្នាំ២០១៧ ដែលធ្វើឲ្យរដូវកាល ២០១៨ រូបគេពុំបានបង្ហាញខ្លួននៅលើទីលានសូម្បីតែ១ប្រកួត ជាមួយនឹងការអូសបន្លាយការព្យាបាលជាច្រើនលើកច្រើនសារផងដែរ៕

 

រូបភាព៖ Ministry of National Defense Football Club-ក្លឹបបាល់ទាត់ក្រសួងការពារជាតិ

អត្ថបទ៖ ណារ៉ុង

មតិយោបល់