លោក Lee Tae Hoon យល់ព្រមដឹកនាំក្លឹប Hoang Anh Gia Lai ក្រោយធ្វើនាយកបច្ចេកទេសបាន ៤ខែ

មាស សុផាណារ៉ុង April 22, 2019


 

វៀតណាម៖ អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ដែលក្លឹប Hoang Anh Gia Lai ( HAGL ) នៃលីគកំពូលវៀតណាម តែងតាំងនាយកបច្ចេកទេស កាលពីចុងឆ្នាំ២០១៨ ឲលូវត្រូវបានក្លឹបប្រកាសឲ្យធ្វើជាគ្រូបង្គោលវិញ ក្រោយតំណែងគ្រូបង្វឹកនៅក្លឹបមួយនេះទំនេរជាច្រើនសប្ដាហ៍។

ក្លឹប Hoang Anh Gia Lai ( HAGL ) បានប្រកាសកាលនៅថ្ងៃទី២២ ខែមេសា ពីការតែងតាំង លោក Lee Tae Hoon ឲ្យក្លាយជាគ្រូបង្វឹកដឹកនាំក្រុម ជំនួសលោក Dương Minh Ninh ដែលបានផ្ទេរឲ្យទៅកាន់តំណែផ្សេងវិញ។

ក្រោយទទួលបានតំណែងនេះ លោក Lee Tae Hoon បានលើកឡើងថា៖ «ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពជាមួយ Hoang Anh Gia Lai ដើម្បីកសាងក្រុមឲ្យមានភាពតែមួយ និងដើម្បីសម្រេចគោលដៅវិវឌ្ឍន៍ក្រុមនៅពេលខាងមុខបន្តទៀត។»

សូមបញ្ជាក់ថា លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមឈុតធំជម្រើសជាតិកម្ពុជា បានប្រកាសផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) ក្រោយរួមរស់ និងធ្វើការឲ្យសហព័ន្ធអស់រយៈពេល ៧ឆ្នាំ និង ៣ខែ។ លោកបានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីចុងឆ្នាំ២០១០ តែរាល់ពេលក្រុមជម្រើសជាតិ ត្រូវបានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី លោកមិនត្រូវបានផ្ដាច់ការងារពីសហព័ន្ធនោះទេ ជាក់ស្ដែងនៅដើមឆ្នាំ២០១៧ ក្រោយលោក Leonardo Vitorino ចូលមកដឹកនាំក្រុមគោព្រៃ សហព័ន្ធបានចាត់តាំងលោក Lee ឲ្យដឹងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៥ឆ្នាំ។

ក្រោយពេលដែលទៅដល់វៀតណាម ជាមួយនឹងការកាន់ការងារជានាយកបច្ចេកទេស របស់ក្លឹប Hoang Anh Gia Lai ( HAGL ) នៅរយៈពេលក្រោយមកទៀតលោកត្រូវបាន សហព័ន្ធកីឡាបាល់ទាត់វៀតណាមដែលមានគ្រូរួមសញ្ជាតិ លោក Park Hang Seo ស្នើសុំតែងតាំងឲ្យធ្វើជាគ្រូជំនួយនៃក្រុមជម្រើសជាតិវៀតណាម ( អាយុក្រោម២៣ឆ្នាំ ) ផងដែរ៕

 

ប្រភព៖ thethao247

រូបភាព៖ CLB Bóng Đá Hoàng Anh Gia Lai

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់