ក្រោយឈ្នះ ៤-២ គ្រូទ័ពថា លទ្ធផលប៉ះប៉ូលិស ម្សិលមិញគឺផ្ទុយពីការគិត

មាស សុផាណារ៉ុង April 22, 2019


 

ភ្នំពេញ៖ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ (ទ័ព) បានលើកឡើងថា ការដណ្ដើមបាន ៣ពិន្ទុ តាមរយៈការយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ៤-២ ក្នុងសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីល្ងាចមិញ គឺផ្ទុយពីការគិតរបស់ខ្លួន ដែលចាត់ទុកការប្រកួតនេះពិបាករកគ្រាប់បាល់បំផុត។

គ្រូបង្វឹកវ័យក្មេងរូបនេះថា ការប្រកួតនេះវគ្គទី១ ដូចលោកគិត ដោយសារអាកាសធាតុក្ដៅ ធ្វើឲ្យការប្រកួតប្រជែងលើទីលានជួបឧបសគ្គច្រើនទាំងកូនក្រុម និងគូប្រជែង។ តែអ្វីដែលផ្ទុយពីការគិតរបស់លោក បានកើតឡើងនៅវគ្គទី២ បន្ទាប់ពីក្រសួងការពារជាតិ បានបំប៉ោងសំណាញ់ទីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៤គ្រាប់ មុនក្រុមលោក ប្រាក់ សុវណ្ណារ៉ា វាយបកបាន ២គ្រាប់វិញ នាចុងម៉ោង។

លោកនិយាយថា «ចូលវគ្គទី២ ខ្ញុំគិតថា ការប្រកួតនេះ គឺជាការប្រកួតពិបាករកគ្រាប់បាល់បំផុត ក៏ប៉ុន្ដែបែរជាការប្រកួត ដែលរកបានគ្រាប់បាល់ដោយងាយបំផុតទៅវិញ ព្រោះយើងបានចាប់ផ្ដើមលេងដដែល ក្រោយសម្រាកវគ្គទី១ យើងអត់បានផ្លាស់ប្ដូរទម្រង់លេងអ្វីទេ គ្រាន់តែយើងព្យាយាមធ្វើឲ្យបានល្អឥតខ្ចោះជាងមុន ហើយទីបំផុតយើងពិតជាធ្វើបានមែន ពិសេសរាល់បាល់ចេញពីខាងស្ដាំ យើងតែងធ្វើបានសម្រេច»។

តាមរយៈជ័យជម្នះនេះ ធ្វើឲ្យក្រសួងការពារជាតិ បានរក្សាកៅអីលេខ២ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ដោយមាន ១០ពិន្ទុស្មើក្រុមឈរលេខ៣ វិសាខា ដែរ បន្ទាប់ពីក្រុមទាំងពីរ បញ្ចប់ការប្រកួត ៤សប្ដាហ៍ឈ្នះ៣ និងស្មើ១ ដូចគ្នា តែតាមពីក្រោយក្រុមព្រះខ័នរាជស្វាយរៀង ២ពិន្ទុ បន្ទាប់ពីក្រុមលោក Conor Nestor បាយកឈ្នះក្រុមភ្ញៀវភ្នំពេញក្រោន ៥-១ កាលពីល្ងាចមិញ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់