ហេតុផល ២យ៉ាង ធ្វើឲ្យអគ្គិសនីកម្ពុជា លេងការពារ ៩០% ពេលប៉ះវិសាខា

មាស សុផាណារ៉ុង April 22, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា (EDC) បានរងបរាជ័យយ៉ាងដំណំ ៤-០ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវិសាខា ក្នុងជំនួបសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ដ្បិតក្រុមអគ្គិសនីកម្ពុជា បានផ្ដោតលើការការពារស្ទើរពេញ ៩០នាទីយ៉ាងណាក្ដី។

ក្រោយចប់ការប្រកួត លោក ប្រាក់ វុទ្ធី គ្រូបង្វឹកអគ្គិសនីកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង តែលោកបានទទួលស្គាល់ថា វិសាខាពិតជាក្រុមខ្លាំង ហើយលោកក៏បានបង្ហើបនូវមូលហេតុចំនួន ២ ដែលនាំឲ្យលោកសម្រេចចិត្ត ប្រើប្រាស់ប្រព័ន្ធការពារច្រើនក្នុងការប្រកួតនេះផងដែរ។ លោកថា៖ «គោលការណ៍របស់យើង ធ្វើម៉េចទប់ត្រឹមស្មើ ឬអាចរបូតគ្រាប់តិច អញ្ចឹងយើងគិតថា ការការពារមានដល់ទៅ ៩០%។ តែជាការសោកស្ដាយ យើងមិនអាចទប់គ្រាប់បាល់ទៅតាមអ្វីយើងចង់បាន ដោយសារវិសាខា មានកីឡាករបរទេសខ្ពស់ៗ ដែលអាចលេងបាល់ខ្ពស់បានល្អ យើងពិបាកតទល់ជាមួយកីឡាករបែបនេះ»។

ម្យ៉ាងដោយសារកីឡាករស្នូលរបស់អគ្គិសនីកម្ពុជា ៣រូប បានអវត្តមានមិនអាចជួយក្រុមបាន រួមមានកីឡាករ សុជា វីឡា, កែ វណ្ណៈ និងកីឡាករ ឈួត ស៊ិនទៀង។ តែយ៉ាងណាលោក ប្រាក់ វុទ្ធី នៅតែសប្បាយចិត្ត ចំពោះលទ្ធផលបរាជ័យ ៤-០ ព្រោះលោកមើលឃើញពីការខិតខំប្រឹងប្រែងរបស់កូនក្រុម ក្នុងការទប់ទល់ជាមួយក្រុមខ្លាំងវិសាខា។

ជាបណ្ដោះអាសន្នពេលនេះ ក្រុមអគ្គិសនីកម្ពុជា បានធ្លាក់ទៅឈរលេខរៀងទី៨ ដោយមាន ៦ពិន្ទុក្នុងដៃ ក្រោយបញ្ចប់ការប្រកួត ៤លើកឈ្នះ២ និងចាញ់ ២ គ្រាដែលវិសាខា បានរក្សាកៅអីលេខ៣ និងមាន ១០ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតដូចគ្នា ឈ្នះ៣ និងស្មើ ១ មិនទាន់ស្គាល់ចាញ់នៅឡើយ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់