ច្រឹង ពលរដ្ឋ មកហាត់យឺត១០នាទី បាត់បង់ឱកាសបង្ហាញខ្លួនលើទីលាន លើកដំបូងក្រោយជាពីរបួស

មាស សុផាណារ៉ុង April 22, 2019


 

ភ្នំពេញ៖ បន្ទាប់ពីជាពីរបួស នឹងបានត្រលប់មកកាន់វាលស្មៅបាល់ទាត់ក្នុងនាមជាកីឡាករអង្គុយនៅកៅអីបម្រុងខ្សែបម្រើ ច្រឹង ពលរដ្ឋ ស្ទើរតែនឹងមានឱកាសខ្លួនសារជាថ្មីជាមួយ ក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី២១ ខែមេសា ម្សិលមិញក្នុងជំនួបសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ទល់នឹង ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រសួងការពារជាតិ ដែលបានយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ២ទល់៤ ជាមួយនឹងការនាំមុខដល់ទៅ ៣គ្រាប់មុន មុននឹងការប្រកួតនៅសល់ប្រហែល២០នាទី លោក ភា សុភ័ក្ត្រា ដែលជាគ្រូបង្វឹកបានសម្រេចផ្លាស់ប្ដូរកីឡាករចុងក្រោយ នៅក្នុងការប្រកួតនេះនៃការសម្រេចចិត្តរវាង ណារ៉ុង កក្កដា និង ច្រឹង ពលរដ្ឋ ចុងក្រោយលោកបានសម្រេចដាក់ ណារ៉ុង កក្កដា ប្ដូរចូលជំនួស ឈិន ឈឿន នៅនាទី៧៣។

មានហេតុផលនៅពីក្រោយ ដែលគ្រូបង្វឹកនៃក្រុមដែលមានរហ្សនាមហនុមាន មួយនេះ សម្រេចដាក់ឲ្យ ណារ៉ុង កក្កដា ចូលប្រកួត និងមិនដាក់ ច្រឹង ពលរដ្ឋ ឲ្យបង្ហាញខ្លួនជាលើកដំបូងក្រោយជាពីរបួសបន្ទាប់ពីនាំមុខគូប្រកួតដល់ទៅ ៣ទល់០ និងនៅសល់ប្រហែល ២០នាទីនឹងបញ្ចប់ការប្រកួត លោក ភា សុភ័ក្ត្រា បានបង្ហើបថា៖ «និយាយដោយ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​ព្យាយាម​ចង់​ផ្ដល់ឱកាសឲ្យគាត់​លេងដែល ប៉ុន្តែដោយសារដំណាក់កាល​ចុង​ក្រោយដែល​យើង​ប្ដូរកីឡាករ​នៅសល់​តែ ​ណារ៉ុង កក្កដា ហើយនិង​ ច្រឹង ពលរដ្ឋ ​ប៉ុន្តែ​ ច្រឹង​ ពលរដ្ឋ​ គាត់​មក​យឺត​មួយពេល អុីចឹង​​យឺត​មួយ​ពេល យឺតប្រហែលជា១០នាទី នៃ​ការ​ហ្វឹកហាត់ កក្កដា​ គេមក​ពេញ​ម៉ោង​​ គេទៀង​ម៉ោង​ អុីចឹងខ្ញុំសម្រច​ចិត្ត​ឲ្យ​ កក្កដា​ លេងពីព្រោះខ្ញុំជាមនុស្សដែលផ្ដល់យុត្តិធម៌នៅពេលដែលកីឡាករមានវិន័យ ប៉ុន្តែ ពលរដ្ឋ គាត់ព្យាយាមមកដែរ គ្រាន់តែថាយឺត។»

មានយោបល់ជុំវិញ ច្រឹង ពលរដ្ឋ ក្រោយជាពីរបួសគ្រូបង្វឹកដដែលរូបនេះបានបន្តថា៖ «ពលរដ្ឋ មានភាពប្រសើរឡើងហើយ ហើយសូម្បីតែការផ្ដល់ជាយោបល់ពីកីឡាករបរទេស ពីកីឡាកររបស់យើងមួយចំនួន ដែលធ្លាប់ហាត់ជាមួយ ពលរដ្ឋ គាត់នៅពេលដែលយើងហាត់យើងចែកឲ្យគាត់លេងនៅក្នុងបម្រុង ប៉ុន្តែគាត់ធ្វើបានយ៉ាងល្អមែនទែន ក្នុងការដឹកនាំលេងក្នុងមានជាខ្សែបម្រើការពារ អច្ចឹងក្នុងអំឡុងពេលនេះ ប្រសិនបើមានន័យថាគេមិនទាន់អាចរួចរាល់សម្រាប់ ១១នាក់ដំបូងបាន ប៉ុន្តែបើសិនករណីណាដែល Hamza មានបញ្ហារបួស ឬក៏កាត អុីចឹង ពលរដ្ឋ អាចធានារ៉ាប់រងតំបន់បម្រើការពារនេះបាន ពីព្រោះបច្ចុប្បន្នយើងព្យាយាមលេងបម្រើការពារតែមួយទេ គឺ ៤-១-៤-១។» 

គួរដឹងដែរថា ច្រឹង ពលរដ្ឋ បានរង​របួស​ដាច់​សរសៃ​ពួរ កាលពីអំឡុងឆ្នាំ២០១៧ ដែលធ្វើឲ្យរដូវកាល ២០១៨ រូបគេពុំបានបង្ហាញខ្លួននៅលើទីលានសូម្បីតែ១ប្រកួត ជាមួយនឹងការអូសបន្លាយការព្យាបាលជាច្រើនលើកច្រើនសារផងដែរ៕

 

រូបភាព៖ Ministry of National Defense Football Club-ក្លឹបបាល់ទាត់ក្រសួងការពារជាតិ

អត្ថបទ៖ ណារ៉ុង

មតិយោបល់