បឹងកេត ប្ដេជ្ញាយកឈ្នះកំពង់ចាម តែមានមេរៀនមួយ ត្រូវប្រយ័ត្ន!

មាស សុផាណារ៉ុង April 19, 2019


 

ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានប្ដេជ្ញាចិត្ត នឹងដឹកនាំកូនក្រុមដណ្ដើម៣ពិន្ទុ ពីក្រុមខេត្តកំពង់ចាម ឲ្យខានតែបាន ក្នុងជំនួបសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា នារសៀលថ្ងៃទី២១ ខែមេសា នៅកីឡដ្ឋានវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន មេមត់ តែលោកថាមានមេរៀនមួយដែលក្រុមលោកត្រូវប្រយ័ត្ន គឺបឹងកេត ចាញ់ក្រុមអគ្គិសនីកម្ពុជា តែខេត្តកំពង់ចាម ឈ្នះក្រុមអគ្គិសនីកម្ពុជា។

គ្រូបង្វឹកទើបបញ្ចប់ការសិក្សាវគ្គគ្រូ A-License រូបនេះ បានឲ្យដឹងថា «ប៉ះខេត្តកំពង់ចាមចុងសប្ដាហ៍នេះ យើងអត់មានបន្ធូរបន្ថយអីទេ បើមានឱកាស យើងត្រូវរកគ្រាប់បាល់ឲ្យបានច្រើន ព្រោះគ្រាប់បាល់ ក៏ជាផ្នែកមួយសំខាន់ក្នុងការប្រជែងជើងឯកដែរ ដោយសារក្រោយចប់ការប្រកួតសន្សំពិន្ទុ បើពិន្ទុស្មើគ្នា គេនឹងគិតគ្រាប់បាល់មុនគេ។ អញ្ចឹងយើងមិនត្រឹមតែត្រូវការឈ្នះកំពង់ចាមទេ បើមានឱកាសយើងក៏ត្រូវរកគ្រាប់បាល់ឲ្យបានច្រើនដែរ»។

ប៉ុន្ដែទោះជាបែបនេះ ក៏លោកនៅតែប្រុងប្រយ័ត្នជានិច្ច ចំពោះខេត្តកំពង់ចាម។ លោកថា «បាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ ដូចយើងដឹងស្រាប់ ប្រកួតដំបូងខេត្តកំពង់ចាម បានយកឈ្នះអគ្គិសនីកម្ពុជា ១-០ រីឯប្រកួតបន្ទាប់ បឹងកេត បានចាញ់អគ្គិសនីកម្ពុជា ០-១។ ចឹងនេះគឺជាបទពិសោធន៍មួយសម្រាប់ក្រុមយើង ដែលត្រូវប្រយ័ត្ន និងមិនអាចធ្វេសប្រហែសបានឡើយ។ ម្យ៉ាងក្រុមយើង កំពុងចាញ់ប្រៀបក្រុមកំពូលតារាង ៥ពិន្ទុ អញ្ចឹងយើងត្រូវការឈ្នះដាច់ខាត»។

បច្ចុប្បន្នបឹងកេត កំពុងឈរលេខរៀងទី៧ និងមាន ៤ពិន្ទុ បន្ទាប់ពីបញ្ចប់ការប្រកួត ៣លើកឈ្នះ១ ស្មើ១ និងចាញ់ ១ បើធៀបនឹងក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរកំពូលតារាងចាញ់ប្រៀប ៥ពិន្ទុ បន្ទាប់ពីក្រុមលោក Conor Nestor ឆ្លងកាត់ ៣ប្រកួតដូចគ្នា ទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ។

ចំណែកខេត្តកំពង់ចាម ទើបរកបាន ៣ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ១ និងចាញ់២ តែជាក្រុមរបូតគ្រាប់បាល់ច្រើនជាងគេ ដោយ ២ប្រកួតចុងក្រោយ របូតគ្រាប់បាល់ ២២គ្រាប់ឯណោះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់